ព្រែវែងៈ ដីបឹងសាធារណៈ និងជាជុំរកត្រីពងកូន មួយកន្លែងត្រូវបានក្រុមហ៊ុន សុំសុខមាន សម្រុកឈូសឆាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ខណៈអាជ្ញាធរធ្វើមិនដឹងមិនលឺករណីនេះ ដែលបានបង្កឲ្យមានភាពក្ដៅក្រហាយដល់ពលរដ្ឋនៅតំបន់នោះព្រោះថា ដីបឹងនេះពួកគាត់ធ្លាប់អាស្រ័យផលកសិកម្ម តាំងពីដូនតាមកម្លេះ និងជាមេទឹកសម្រាប់ស្រោចស្រពដំណាំដែលនៅជុំវិញទីនោះ តែឥលូវចប់ហើយ វាលដូចប្រកេះលោកសង្ឃ។
ដីបឹងសាធារណៈមួយនេះមានទំហំប្រមាណជាង៤០ហិកតា ឈ្មោះ បឹងចារ ដែល ចំណុះ ឲ្យឃុំព្រៃស្រឡិត និងឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ពលរដ្ឋចំនួន៥៣គ្រួសារនៅភូមិមេមល ឃុំមេសរប្រចាន់ ស្រុកពារាំង បានប្រតិកម្ម មកលើក្រុមហ៊ុន សុំ សុខមាន ដែលបានដាក់គ្រឿងចក្រសម្រុកឈូសឆាយ ដីបឹងចារនេះដែល ជាដីមេទឹក និងជាជុំរកត្រីពងកូន ដោយពលរដ្ឋបានសង្ស័យមកលើអាជ្ញាធរឃុំព្រៃស្រឡិត ថាបានឃុបឃិតគ្នាយកដី បឹងចារ លក់ដាច់ទៅឲ្យក្រុមហ៊ុន ដោយយកពលរដ្ឋមកតាំងជានាក់លក់ដីនោះ ជាហេតុធ្វើឲ្យគ្រឿងចក្រ ប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ។
ពួកគាត់ជាប្រជាពលរដ្ឋបាននាំគ្នាផ្ដិតមេដៃចំនួន ៥៣គ្រួសារប្តឹងទៅ ឃុំមេសរប្រចាន់ ដើម្បីទាមទារដីនោះទុកជាសម្បត្តិសាធារណៈវិញតែមិនបានលទ្ធផលសោះ ក្រុមហ៊ុនចេះតែបន្តឈូសឆាយពលរដ្ឋចេះតែប្តឹងលោក គុជ ផៃ ក្រុមព្រឹក្សាឃុំមេសរប្រចាន់ បានអះអាងថា ដីទាំងនោះគឺពិតជាដីបឹងសាធារណៈមែន តែក្រុមហ៊ុនកំពុងបំពានឈូសឆាយដីព្រៃលិចទឹកទាំងនោះប៉ាតណាប៉ាតណីដោយមិនខ្លាចអ្វីទាំងអស់ ក្នុងគម្រោងរបស់ ក្រុមហ៊ុន គឺឈូសឆាយដីជាង២០ហិកតា។
គាត់បន្តថា កាលដំណោះស្រាយសារមុនលោក អាត់ ថេត តំណាង ភាគីក្រុមហ៊ុន បានប្រាប់គាត់ថា ក្រុមហ៊ុនបានទិញពីពលរដ្ឋនៅឃុំព្រៃស្រឡិត។ យ៉ាងណា លោក អាត់ ថេត តំណាងភាគីក្រុមហ៊ុម បានឲ្យដឹងថា ដីនេះជាដីកម្មសិទ្ធស្របច្បាប់របស់លោក បើចង់ដឹងច្បាស់ទៅសួរលោក អភិបាលស្រុកទៅដឹងហើយ។ លោកគីម ហេង មេឃុំមេសរប្រចាន់បានបញ្ជាក់ថា មិនងាយដោះស្រាយទេព្រោះដីនេះពលរដ្ឋ ឃុំព្រៃស្រឡិតជាអ្នកលក់។
ដោយឡែកលោក ប្រាក់ ឆាយ មេឃុំព្រៃស្រឡិត បានឲ្យដឹងថាលោក នឹងរកដំណោះស្រាយយកដីខាងលើនេះជូនប្រជាពលរដ្ឋវិញ។ ឯលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា លោកនិងឲ្យមេឃុំព្រៃស្រឡិតនិងមេឃុំសរប្រចាន់រកដំណោះស្រាយជូនពលរដ្ឋវិញ៕
https://youtu.be/NlreCFbiY1M
មតិយោបល់