ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ដឹកកៅស៊ូអ៊ុតថ្នល់ ចុះចំណោតជាន់ហ្វ្រាំងមិនស៊ី បុករថយន្តដឹកគ្រឿងចក្រ ធ្លាក់ផ្លូវក្រឡាប់ រងរបួសធ្ងន់២នាក់

កោះកុងៈ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត ១គ្រឿង បុកកៀរពីចំហៀងរថយន្ត១គ្រឿងទៀត ដែលឈប់នៅចិញ្ចើមផ្លូវ លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តបង្ក១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ដឹកកៅស៊ូអ៊ុតថ្នល់ ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ ៣A.៧៣២៤ អ្នកបើកបរឈ្មោះ ស្រ៊ន ភារិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ឃុំអង្កាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសធ្ងន់) អ្នករួមដំណើរម្នាក់ឈ្មោះ ម៉ុន ណែម ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិបឹងច្រាបត្បូង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) ។ លុះបើកបរមកដល់ចំណុចកើតហេតុ ចុះចំណោតជាន់ហ្វ្រាំងមិនស៊ី បានបុកនិងកៀររថយន្ត១គ្រឿងទៀតម៉ាក ដេរវូ ដឹកគ្រឿងចក្រ ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ ៣A.៥៦៥៣ បើកបរដោយឈ្មោះ ផុន នាង ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិពកស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (គ្មានរបួស ) ។ ករណីនេះ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់២នាក់ ។

មូលហេតុ៖ បណ្តាលមកពីចុះចំណោត ប្រើល្បឿនលឿនជាន់ហ្រ្វាំងមិនស៊ីរេចង្កូតបុកកៀររថយន្តមួយទៀត ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះធ្វើអន្តរាគមន៍ ជួយសង្គ្រោះ បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យខេត្តកោះកុង តាមរថយន្តសង្រ្គោះ ៕

មតិយោបល់