បន្ទាប់ពីមានការរិះគន់ខ្លាំងៗពីសំណាក់ប្រជាពលរដ្ឋខ្មែរមួយចំនួនអំពីការលើក ផ្ទេរនិងដាក់ព្រះរាជសពអតីតព្រះមហាក្សត្រ នរោត្តម សីហនុ មិនត្រឹមត្រូវរួចមក នៅថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខបកស្រាយបញ្ហាមួយចំនួនទាក់ទងទៅនឹងបញ្ហានេះ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បានថ្លែងបកស្រាយចំពោះមតិរិះគន់ពីសំណាក់សាធារណជនមួយចំនួនទាក់ទងទៅនឹងការលើក ផ្ទេរនិងដាក់ព្រះរាជសពអតីតព្រះមហាក្សត្រនៅអំឡុងពេលយាងព្រះសពពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា។
នៅពេលនោះ មតិសាធារណជនខ្មែរមួយចំនួនបានរិះគន់យ៉ាងខ្លាំងចំពោះក្រុមកងទ័ពខ្មែរដែលបានលើក ផ្ទេរនិងដាក់ព្រះរាជសពមិនបានល្អដូចកងទ័ពប្រជាមាននិតចិន។ កងទ័ពប្រជាមានិតចិនចំនួន៦នាក់បានលើក ផ្ទេរនិងដាក់ព្រះរាជសពនឹងថ្កល់ល្អឥតខ្ចោះរីឯកងទ័ពខ្មែរវិញមានចំនួនច្រើនជាងនេះឆ្ងាយណាស់ ប៉ុន្តែពួកគេ លើក ផ្ទេរនិងដាក់ដោយមានភាពរដាក់រដុប។ ភាពរដាក់រដុបនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួនដែលទូរស័ព្ទមកកាន់វិទ្យុបារាំងអន្តរជាតិរិះគន់ថា បានធ្វើអោយជាតិខ្មែរអាប់អោនកិតិ្តយស។
ឆ្លើយតបទៅនឹងការរិះគន់នេះ លោក ហ៊ុន សែន បានពន្យល់ថាមានចំណុចខុសគ្នាបីយ៉ាង។ ទីមួយ៖ទ័ពខ្មែរមិនបានហ្វឹកហាត់អនុវត្តផ្ទាល់ជាមួយសម្ភារៈជាក់ស្តែង។ ទីពីរ៖កងទ័ពចិនបានហ្វឹកហាត់លើក ផ្ទេរនិងដាក់សពនិងទីបី៖នៅប្រទេសចិន ពុំមានគំរបក្តាមជ្ឈូសទេ ដូច្នេះទម្ងន់ខុសគ្នា។
ក្រៅអំពីបញ្ហាមួយចំនួន ប្រមុខរាជរដ្ឋាភិបាលបានកោតសរសើរជារួមចំពោះការរៀបចំពិធីព្រះរាជសពនាពេលកន្លងមក។ ប្រជាជនគ្រប់បក្សនយោបាយមកពីសាសនាផ្សេងគ្នាបានចូលរួមរំលែកទុក្ខយ៉ាងកកកុញនៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។ ពិធីកាន់ទុក្ខផ្លូវការ៧ថ្ងៃបានកន្លងផុតហើយ។ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររាជវង្សបាននិងកំពុងគិតគូរពីថ្ងៃបូជាព្រះរាជសពអង្គសម្តេចឪ។ បើយោងតាមការគិតគូរនៅពេលនេះ ការបូជាព្រះរាជសពអាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី១នៃខែមករាឆ្នាំ២០១៣ខាងមុខនេះ។ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តបញ្ជាក់ទៀតថា រដ្ឋាភិបាលសម្រេចសាងសង់រូបសំណាកអង្គសម្តេចឪនៅលើសួនច្បារពីចន្លោះវិមានឯករាជ្យទៅកាន់រូបសំណាកនាគបាញ់ទឹកនៅទីក្រុងភ្នំពេញ។
ដោយរម្លឹកពីព្រះរាជតំរិះដ៏អស្ចារ្យរបស់អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តមសីហនុដែលបានផ្ទេររាជបល្ល័ងបានទាន់ពេលវេលានោះ លោក ហ៊ុន សែន បានលើកឡើងថា ក្រោយការយាងចូលទីវង្គតអង្គសម្តេចឪនៅពេលនេះពុំមានវិបត្តិរាជ្យបល្ល័ង្កកើតឡើង ហើយរាជានិយមនៅក្នុងប្រទេសកម្ពុជានៅតែរឹងមាំដដែល។ លោក នាយករដ្ឋមន្ត្រីធ្លាប់បានសន្យានៅពីមុខព្រះរាជសពអតីតព្រះមហាក្សត្រថា លោកនឹងបន្តការពាររាជបល្ល័ង្កនិងរាជវង្សជារៀងរហូត៕
ប្រភពព័ត៌មានពី៖ RFI
មតិយោបល់