ភ្នំពេញៈ ស្រ្តីជាម្ចាស់ផ្ទះលក់សម្លៀកបំពាក់ម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចុះទៅនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល បន្ទាប់ពីមានបណ្តឹងប្រើអំពើហិង្សា ក៏ដូចជាធ្វើទារុណកម្មដល់សាហាវទៅលើក្មេងស្រី ដែលជាកូនឈ្នួលបម្រើការងារក្នុងផ្ទះ។
ប្រតិបត្តិការចុះអន្តរាគមន៍រំដោះក្មេងស្រីរងគ្រោះខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែន ។
ស្រ្តីចិត្តម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅ សុភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ។
ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា ស្ត្រីជាម្ចាស់ផ្ទះខាងលើ ជាជនជាតិវៀតណាម កាត់ចិន មានប្តី ឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើ រយៈពេល៤ឆ្នាំមកហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺនៅកន្ទេល មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរ លក់បន្លែ ។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័យញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា នាងត្រូវបានស្រ្តីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្លេះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើ រហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ ស្រ្តីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារ តាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ទេ នឹងយក ប្រដាប់ដោយដែក វាយពេញរាងកាយ ក្បាល ជួន យកម្ជុលដេប៉ាក់មកចាក់ លើរាងកាយ ក្នុង១ថ្ងៃ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ។ ក្មេងស្រីរងគ្រោះបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លារក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លារក្នុង១ខែ ហើយខែថ្មីនេះ ម្តាយនាងមានការខ្វះខាត ថវិការ ទិញថ្នាំ ព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លារមុន។ ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បម្រាម មិនឲ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារ នៅឯស្រុកឡើយ មិនអនុញ្ញាតឲ្យ ជួបនិយាយជាមួយម្តាយតាមទូរស័ព្ទនោះទេ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុ ត្រូវបានស្រ្តីខាងលើ ឡូឡា រករឿងទាំងអ្នកជិតខាង គំរាមវាយស្រ្តីម្នាក់ នៅក្បែរនោះ ដែលជួយឈឺឆ្អាលរឿងខាងលើ ។
ក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចបានហៅស្រ្តីជាម្ចាស់ផ្ទះទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួសពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់