ព័ត៌មានជាតិ

ទេ​ព​​អ​ប្ស​រ​​នៅ​​ប្រា​សា​ទ​​អ​ង្គ​រ​​​វ​ត្ត​​​ មា​ន​​រូ​ប​​រា​ង​​ដូ​ច​​ស្រ្តី​​ខ្មែ​រ​​លើ​

ចាប់តាំងពី សម័យទំនើបបានឈានមកដល់ ទម្លាប់ស្លៀកប៉ឹងរបស់ជនជាតិខ្មែរលើជាពិសេសរបស់ស្ត្រីខ្មែរដែលមានមកតាំង តែពីសម័យបុរេអង្គរ និងអង្គរ ក៏ត្រូវបានបោះបង់ចោលបន្តិចម្តងៗ ។ តែនៅសម័យអង្គរ សម្ព័ន្ធភាពវប្បធម៌ រវាងខ្មែរ និងកុលសម្ព័ន្ធខ្មែរលើមានភាពជិតស្និទ្ធនឹងគ្នាជាទីបំផុត ។ អ្វីមួយដែលចម្លាក់បុរាណបានបង្ហាញបញ្ជាក់ប្រាប់ គឺក្នុងបរិបទសង្គមវប្បធម៌នេះហើយដែលចម្លាក់ស្រីរបាំ ឬស្រីទេពអប្សរចំនួនជាង ១៥០០ ត្រូវបានឆ្លាក់លម្អជញ្ជាំងប្រាសាទអង្គរវត្ត គួរឱ្យចង់គយគន់ជាអនេក ។ វត្តមានរបស់ស្រីរបាំទាំងនោះ ពិតជាធ្វើឱ្យយើងស្គាល់នូវបរិយាកាសសង្គមវប្បធម៌ខ្មែរនាសម័យមហានគរ កាលពី ១០០០ ឆ្នាំមុន ។

រហូតមកទល់ សព្វថ្ងៃនេះ ការស្រាវជ្រាវបានផ្តោតជាអាទិភាពតែទៅលើផ្នែកស្ថាបត្យកម្មនៃ ប្រាសាទបុរាណតែប៉ុណ្ណោះ ។ នេះជាកង្វះខាតមួយគប្បីយើងត្រូវបំពេញ ។

ក្នុងន័យ នេះហើយ ការសិក្សាអំពីសម្លៀកបំពាក់រវាងស្រីទេពអប្សរ និងជនជាតិខ្មែរលើដោយឡែកជនជាតិបុឌិះនៅប្រទេសវៀតណាមខាងត្បូងបច្ចុប្បន្ន បានបង្ហាញឱ្យដឹងថាខេត្តសៀមរាបអង្គរក្នុងអតីតកាលពិតជាមានទំនាក់ទំនងវប្បធម៌យ៉ាង ជិតស្និទ្ធជាមួយកុលសម្ព័ន្ធខ្មែរលើទាំងឡាយដែលរស់នៅក្នុងភូមិភាគ ឥណ្ឌូចិនយើងនេះ ហើយទំនាក់ទំនងនេះត្រូវបានលាតត្រដាងតាមលក្ខណៈនៃប៉ឹងដែលស្រី ទេពអប្សរស្លៀកនាជំនាន់នោះ ហើយដែលត្រូវគេឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ។

ការដែល ស្រីទេពអប្សរមានតែក្រណាត់មួយចំអាមសម្រាប់គ្របកេរ្តិ៍ខ្មាស់និងទុកដើមទ្រូងនៅទទេដោយគ្មានអាវដណ្តប់ខ្លួននោះ ធ្វើឱ្យយើងយល់ថានាងគឺជាជនជាតិភាគតិចកំពុងរស់នៅក្នុងទីក្រុងដ៏រុងរឿងថ្កើងថ្កានមួយ គឺរាជបុរី ឬទីក្រុងយសោធរបុរៈ ។ នេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញនូវទំនាក់ទំនងវប្បធម៌ និង ជាតិពិន្ធុវិទ្យារវាងខ្មែរកាន់វប្បធម៌ឥណ្ឌា និងកុលសម្ព័ន្ធមន-ខ្មែររស់នៅ ក្នុងតំបន់នៃខេត្តសៀមរាបនាសម័យនោះ (ម.ត្រាណេ) ៕

មតិយោបល់