ព័ត៌មានជាតិ

ពិ​ធី​​​បំ​បួ​ស​​នា​គ​​

​តាមពិត​ទៅ​ពិធី​បំបួស​នាគ​មិនមែនជា​រឿង​ថ្មី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះទេ ពិធី​នេះ​បាន​កើត​មាន​តាំងតែ​ពី​បរម បុរាណ​មកម្ល៉េះ រហូតមកដល់​បច្ចុប្បន្ន​នៅតែ​ជា​ទំនៀម​ទំលាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដដែល ព្រោះ​វា​ជា​ស្ពាន សីលធម៌​ចម្លង​មនុស្ស​ទៅ​កាន់​ភាពរុងរឿង​នៃ​ជីវិត វៀរចាក​អំពើ​បាប​ទាំងឡាយ កើត​មាន​តែ​ភាពស្ងប់ស្ងាត់ មិន​លោភលន់​មានចំណេះដឹង​ខ្ពង់ខ្ពស់ ជួយ​បំភ្លឺ​ភាពត្រឹមត្រូវ ដល់​មនុស្ស​ជំនាន់​ក្រោយ​ជា​បន្ដបន្ទាប់​។ ពិធី​បំបួស នា​គ​បាន​រលំរលាយ​ក្នុង​របប​ខ្មែរ ក្រហម​កាន់កាប់​អំណាច​នា​ឆ្នាំ​១៩៧៥-១៩៧៩ ក្រោយ​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ មាន​សេរីភាព សង្គម​ត្រូវបាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន​ផ្សេងៗ ពិធី​បំបួស​នាគ​បាន​ចាប់ ផ្ដើម​កំរើក​ឡើង​វិញ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​សំបូរ​តែ​នៅតាម​តំបន់​ជនបទ​ប៉ុណ្ណោះ យូរៗ​ម្ដង​កើតមាន​នៅ​ទីក្រុង​ភ្នំពេញ​។ ថ្មីៗ​នេះ​នៅ​ទីក្រុង ភ្នំពេញ ពិធី​បំបួស​នាគ​បាន​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​កូនប្រុស​របស់​ត្រកូល​អភិជន តិចតួច​បានសំរេច​សាង​ផ្នួស​នៅ​ជាមួយ​ព្រះធម៌​រយៈពេល​ខ្លី​ជា​គំរូ​មួយ ខណៈ​ដែល​កូនប្រុស​ត្រកូល​អភិជន​ជាច្រើន ទៀត​មិន​បាន​ធ្វើបែបនេះ​។ គួររំលឹកថា នៅក្នុង​ពិធី​បំបួស​នាគ​ត្រូវ​រៀបចំ​ទៅតាម លំដាប់​ប្រពៃណី មាន​ពិធី​កោរសក់ ពិធី​ជូន​ត្រ័យ​ចំពោះ​លោក​អ្នកមានគុណ ពិធី​ក្រុង​ពាលី ពិធី​បង្វិលពពិល ពិធី​ធ្វើ​ធ្មេញ​នាគ ពិធី​កួច​ចំណងដៃ នាគ ពិធី​លាប​ប្រេង​ម្សៅ ពិធី​ចំរើន​ព្រះ​បរិត្ដ​នាគ ពិធី​ហែនាគ​៣​ជុំ​ព្រះវិហារ ពិធី​ចូល​ព្រះវិហារ ពិធី​នាគ​វ​ន្ទា ចំពោះ ព្រះ​ពុទ្ធរូប ពិធី​នាគ​វន្ទា​ព្រះ​ឧបជ្ឈា​យ៍ ពិធី​សុំ​និស្ស័យ​បំបួស​នាគ ព្រះ​ឧបជ្ឈាយ៍ ព្រះសង្ឃ​ហត្ថា​បា​ស ចំរើន​ពុទ្ធ​ជ័យ មង្គល ពិធី​ពហុ​ទេវា សាមណេរ​វន្ទា​លា​ញោមប្រុស​-​ស្រី លោកតា លោកយាយ ដើម្បី​សាង​ផ្នួស​ពិធី​កប់​សក់​ដើម្បី សុំ​សេចក្ដីសុខ ។ ពិធី​បំបួស​នា​គនេះ​ជា​ពិធី​មួយ​ធំ ដែល​មាន​ទម្លាប់​ធ្វើ​តាំងពី​បុរាណកាល​មក​ហើយ​ដែល​ចូល​ជ្រួត ជ្រាប​ទៅ​ក្នុង​ចិត្ដ នៃ​ប្រជាជន​ខ្មែរ​គ្រប់រូប ព្រោះ​ព្រះពុទ្ធសាសនា​ខ្មែរ​បាន​ចាត់ទុក​ជា​សាសនា​តែ​មួយ​របស់​ជាតិ​។ ឯការ​បំបួស​កូនចៅ​ក៏​ជា​កិច្ច​ទំនុក​បំរុង ព្រះពុទ្ធ​សាសនា​មួយ​ដែរ​។ ម្យ៉ាងទៀត​ព្រះពុទ្ធសាសនា​ជា​ប្រភព​នៃ​ការ បណ្ដុះបណ្ដាល​និស្ស័យ​អក្សរសាស្ដ្រ និង តម្រិះវិជ្ជា​ផ្សេងៗ​មាន​ជំនាញ​សំណង់ និង​ការ​រចនា​ផ្សេងៗ​ជាដើម ។ មនុស្ស​ដែល​បាន​បួស​ក្នុង​ព្រះពុទ្ធ សាសនា​មាន​តម្លៃ​ខ្ពស់​ជាង​មនុស្ស ដែល​ពុំ​បាន​បួស ព្រោះ​អ្នកស្រុក​តែង​យល់ថា អ្នក​បួស​ជា​មនុស្ស​ស្គាល់ បាប​បុណ្យ គុណ​ទោស​ច្បាស់លាស់ ហើយ​ខ្មែរ​យើង​តែង​មាន​ជំនឿ​ម្យ៉ាងទៀត​ថា “​បួស​នេន សងគុណ​ម្ដាយ បួស​ភិក្ខុ សងគុណ​ឪពុក​”​។ ជំនឿ​ទាំងនេះ​បាន​ជ្រាប​ជ្រៅ​ទៅក្នុង​សន្ដាន​ចិត្ដ​ប្រជាជន​ខ្មែរ ទូទាំង​ប្រទេស រហូតដល់​ពេល​រៀបចំ​ទុកដាក់​កូនចៅ​ឱ្យមាន​ប្ដី​-​ប្រពន្ធ ក៏​គេ​និយម​ប្រកាន់​រើស​រក​តែ​បុរស​ណា ដែល​បាន បួស​រៀន​ផង​ដែរ​។

ពិ​ធី​​​បំ​បួ​ស​​នា​គ​​
ពិ​ធី​​​បំ​បួ​ស​​នា​គ​​

អ្នកស្រុក​ស្រែ​ចំការ​នៅ​ប្រកាន់​ទំនៀមទម្លាប់​ខាងលើនេះ​ជាប់​រហូត​ដល់​សព្វថ្ងៃ ប៉ុន្ដែ​មិន​សូវ​ជា​តឹងរ៉ឹង ដូច​កាលពី​ដើម​ទេ ព្រោះ​ឥលូវ​នេះ​មាន​សាលារៀន​រដ្ឋការ​ច្រើន ហើយ​ដែល​សំរាប់​បណ្ដុះ និស្ស័យ និង​តម្រិះវិជ្ជា​ផ្សេងៗ ដោយ​គេ​យល់ថា “​អ្នក​បួស​ជា​មនុស្ស​ប្រសើរ​”​យ៉ាងនេះ​ហើយ​ទើប​គេ​ហៅ បព្វ​ជ្ជា បេ​ក្ខៈ និង​ឧបសម្បទាបេក្ខៈ​ថា​“​នាគ​”​។ “​បំបួស​នាគ​” គឺ​បំបួស​មនុស្ស​ប្រសើរ​។ ដំរី​មាន​ភ្លុក​ដែល​ធំ​ល្អ​ជាងគេ និង​ពស់ ដែល​ធំ​វិសេស​ជាងគេ ក៏​ហៅ​ថា “​នាគ​” ដែរ​ព្រោះ​ពាក្យ​ថា “​នាគ​”​នេះ​មានន័យ​ថា “​ប្រសើរ​” ។ ប៉ុន្ដែ ទំនៀម​បំបួស​នា​គនេះ​មាន​រឿងព្រេង​ពី​បុរាណ​មួយ​និទាន​ថា កាល​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​គង់នៅ​ក្នុង​វត្ដ​ជេតពន់ នាគរាជ​មួយ​មាន​មហិ​ទ្ធី​រិទ្ធិ​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា​ចង់​បួស​ជា​ភិក្ខុ ក៏​កាឡាខ្លួន​ជា​មាណព​ចូលទៅ​ថ្វាយ បង្គំ​ព្រះ​មហាតិ​ស្ស​ត្ថេ​រ ហើយ​ទូល​ថា “​ខ្ញុំ​ព្រះករុណា​សូម​បួស​ជា​ព្រះ​មហាថេរ​ផង​” ។ ព្រះ​មហាតិ​ស្ស​ត្ថេ​រ ក៏​បំបួស ស្ដេច​នាគ​កាឡា​នោះ​ជា​ភិក្ខុ​ទៅ​។ ថ្ងៃ​មួយ​នៅពេល​ដែល​ភិក្ខុ​ស្ដេច​នាគ​នោះ​សិង​ពេល ថ្ងៃ​យ៉ាង​ស្កប់ស្កល់​ខ្លួន​លោក ក៏​ក្លាយជា​នាគ​ឆ្វាយរង្វេល​ពេន​ពេញ​បន្ទប់​។ ស្បង់​ចីវរ​ខ្ចាត់ខ្ចាយ​អស់រលីង​អំពី​កាយ ។ ពេល​នោះ​សាមណេរ​មួយ អង្គ​ផ្ចង់​ចង្ហាន់​រួច​ចូល​ទៅ​និមន្ដ​ឆាន់ លុះ​បើកទ្វារ​ទៅ​ស្រាប់តែ​ឃើញ​ពស់​ពេន​ពេញ​បន្ទប់ ភ័យរន្ធត់​ស្ទុះ​រត់​ស្រែក ឆោឡោ​ផ្អើល​ពេញ​ទាំង​វត្ដ ។ លុះ​ជ្រាប​ទៅដល់​ព្រះ​ដ៏​មាន​បុណ្យ ទើប​ព្រះអង្គ​ទ្រង់​ព្រះ​ប្រញប្ដ​ថា “​ចាប់ពី​ថ្ងៃនេះ ទៅ ភិក្ខុ​ឯក្រោយ​កុំបី​បំបួស​សត្វ​តិរច្ឆាន​នូវ​ខ្មោច បិសាច រាជ​ភូត យក្សា​ឡើយ​”​។ អាស្រ័យ​ដំណើរ​ដែល​ព្រះអង្គ ទ្រង់​ប្រញប្ដ​ដូច្នេះ ទើប​ភិក្ខុ​នាគ​ក្រាបទូល​ព្រះ​ដ៏​មានបុណ្យ​ថា “​ខ្ញុំព្រះអង្គ​នេះ​មានចិត្ដ​ស្មោះ​ចំពោះសាសនា​ព្រះអង្គ ពិតណាស់ ឥត​មាន​ក្លែងបន្លំ​ទេ បើ​ខ្ញុំព្រះអង្គ​មាន​ភេទ​ជា សត្វ មិន​អាច​បួស​ក្នុង​សំណាក់​ព្រះអង្គ​បាន ដូច្នេះ​ខ្ញុំ ព្រះអង្គ​សូមពរ​ឱ្យមាន​ព្រះ​ប្រញប្ដ​ថា បើ​ភិក្ខុ​នឹង​បំបួស​កុលបុត្រ សូម​ឱ្យ​ហៅ​អ្នក​សុំ​ផ្នួស​នោះ​ថា “​នាគ​” ដូច្នេះ​តទៅ ដើម្បីឱ្យ​គេ​នឹកឃើញ​ដល់​ឈ្មោះ​ខ្ញុំ​ព្រះអង្គ ដែលជា​អ្នក​ស្មោះ​ចំពោះ​សាសនា​ព្រះអង្គ តែ​ពុំ​មាន​និស្ស័យ​នឹង​បាន​បួស ជា​ភិក្ខុ​ដូច​មនុស្ស​ផងទាំងពួង​។ ព្រះ​ពុទ្ធអង្គ ទើប​បញ្ញត្ដិ​ពាក្យ​ឱ្យ​ហៅ​បព្វជ្ជាបេក្ខៈ​និង​ឧបសម្បទាបេក្ខៈ​ថា​“​នាគ​” តាម​សំណូមពរ​ដែល​ស្ដេច​នាគ​សុំ ។ អាស្រ័យ​រឿង​នេះ​ឯង ទើប​មាន​ឈ្មោះ ហៅថា “​នាគ​-​នាគ​”​រហូតមក៕

មតិយោបល់