កោះថាស គឺជារមណីយដ្ឋានធម្មជាតិក្នុងខេត្ដពោធិ៍សាត់ដែលទើបបង្កើតថ្មី នៅខែធ្នូឆ្នាំ២០០៨ ដែលមានទីតាំងនៅខាងត្បូងទំនប់ទឹក ដំណាក់អំពិល ប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូររំចង់ ឃុំបាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្ដពោធិ៍សាត់ ហើយមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៥។ ទេសចរអាចធ្វើដំណើរចូលតាមខ្លោងទ្វារបូជនីយដ្ឋាន ឧកញ៉ាឃ្លាំងមឿង ផ្លូវដីគ្រួក្រហម ដោយមានស្លាកសញ្ញា បង្ហាញជាប់រហូត ។ នៅពេលធ្វើដំណើរទៅដល់ គេនឹងបានឃើញកោះ មានរាងមូលដូចថាស មានទឹកព័ទ្ធជុំវិញ ដែលមានផ្នែកខាងកើតជាប់ទៅនឹងស្ទឹងពោធិ៍សាត់។ កន្លងមក គេពុំសូវចាប់អារម្មណ៍ពីកន្លែងនេះទេ ដោយសារនៅជុំវិញកោះ ពុំមានទឹក គឺគ្រាន់តែជាបឹងដក់ទឹក កន្លែងខ្លះក៏ដុះស្មៅស៊ុបទ្រុប ហើយកន្លែងខ្លះទៀតជាដីធ្វើស្រែប្រាំង ឬដាំបន្លែបង្ការប៉ុណ្ណោះ ។ ប៉ុន្តែចាប់តាំងពីមានការសង់ទំនប់ទឹកដំណាក់អំពិលមក ទឹកក៏ឡើងកំពស់លិចដីភក់ម្តុំនោះ ធ្វើឱ្យកោះអណ្តែតសោភ័ណ មានសម្រស់ស្រស់ត្រកាលសំរាប់មកកំសាន្ត។
កោះថាស មានផ្ទៃដី១០ហិកតា បួនជ្រុង មានផ្លូវចេញចូល ក្រាលក្រួសក្រហម ប្រវែង៧០០០ម៉ែត្រ រោងសំណាក់ ចំនួន៥១ មានខ្សែកាបចំនួនពីរ សម្រាប់ភ្ញៀវជិះសម្រូតឆ្លងស្ទឹងទៅវិញទៅមក មានស្ពានយោលប្រវែង១៦០ម៉ែត្រ និងមានផ្ទៃទឹកធំទូលាយ ព័ទ្ធជុំវិញសម្រាប់ភ្ញៀវទេសចរជិះទូកលេងកំសាន្ត ។ នៅលើផ្ទៃកោះទាំងមូល មានម្លប់ឫស្សី ដើមស្វាយ និងមានកន្លែងលក់ដូរ កន្លែងក្រាលកន្ទេលអង្គុយភិចនិច កៅអីបង្អែកធ្វើអំពីដើមឫស្សី និងមានបង្គន់អនាម័យចំនួន៨បន្ទប់។ ភ្ញៀវទេសចរ អាចមកលេងកោះនេះបាន ទាំងខែប្រាំងវស្សា ព្រោះឥលូវមានទឹកជាប់ជាប្រចាំ ដោតបង់សំបុត្រចូល ម្នាក់១០០០រៀល ជិះខ្សែរ៉កម្នាក់២០០០រៀល ជិះទូកទាមួយម៉ោង១០.០០០រៀល រោងសំណាក់មួយ២០.០០០រៀល និងបង្គន់អនាម័យ តម្លៃក្នុងម្នាក់ ៥០០រៀល ។ កន្លងមក រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានមនុស្សទៅលេង ច្រើនជាងគេ ក្នុងខេត្ដពោធិ៍សាត់ ប៉ុន្តែ កោះថាស មានផ្លូវបើកបរស្រួល មានសុវត្ថិភាព និងជិតទីរួមខេត្ដជាងគេ ដូច្នេះ ទីនេះកំពុងតែក្លាយជារមណីយដ្នាន ដ៏មានប្រិយភាព មួយ សំរាប់ភ្ញៀវ ទៅលេងកំសាន្ត មិនចាញ់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងឡើយ៕
មតិយោបល់