ព័ត៌មានជាតិ

រមណីយដ្ឋាន​កោះទន្សាយ​ដង្ហើយ​អ្នកទេសចរ​ឲ្យមក​កម្សាន្ត​

​កោះ​ទន្សា​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ទីក្រុង​កែប មាន​ចម្ងាយ​ប្រមាណ​៤,៥​គីឡូម៉ែត្រ​ពី​ទីក្រុង​នេះ​។ ទី​នេះ​ជា​រមណីដ្ឋាន​ធម្មជាតិ​ដ៏​ល្អ​ប្រណិ​តរបស់​ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរ​ខ្សាច់​ចំនួន​២​កន្លែង ដែល​មាន​វាល​ខ្សាច់​ស​ពី​ធម្មជាតិ អាច​ធ្វើជា​កន្លែង​សម្រាប់​​ងូត​ទឹក​សមុទ្រ​កម្សាន្ត​សប្បាយ​បាន​។ ទឹក​សមុទ្រ​មាន​ជម្រាល​វែង​ហើយ​រាក់​។ ខាងក្រោម​ទឹកសមុទ្រ មាន​ផ្កាថ្ម សត្វ​សមុទ្រ រុក្ខជាតិ​សមុទ្រ អំណោយផល​ដល់​ការស្រាវជ្រាវ​ប្រព័ន្ធ​បរិស្ថាន​ចំរុះ​។
កោះ​ទន្សាយ​
ឈ្មោះ​កោះទន្សាយ​នេះ​បាន​ក្លាយ​មកពី​ពាក្យ​រំសាយ ព្រោះ​នៅពេលដែល​ស្តេច​សាគរ​រាជ អស់សង្ឃឹម​ក្នុង​ការតស៊ូ​ដោយ​មាន​ការបែកបាក់​ព​ល​សេនា និង បក្សពួក​ខ្លួន​អស់​ច្រើន ព្រះអង្គ​ក៏​បាន​ដឹកនាំ​អ្នក​ដែល​នៅ​សេសសល់​ឆ្លង​សមុទ្រ​មក​ដល់​កោះ​មួយ​នៅខាងមុខ​ក្រុងកែប ហើយក៏​បាន​ធ្វើ​ការរំសាយ​ទ័ព​នៅ​ទីនោះ​ទៅ​។ ដោយ​ការហៅ​តៗ​គ្នា កោះ​រំសាយ បាន​ក្លាយទៅជា​កោះ​អំ​សាយ កោះ​អន្សា​យ ក្រោយមក​ក៏​ក្លាយទៅជា​កោះទន្សាយ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។​កោះទន្សាយ​មាន​ផ្ទៃដី​ប្រមាណ ២​គីឡូម៉ែត្រ​ការ៉េ ។ ពី​ដើម​ជា​កន្លែង​កែប្រែ​អ្នកទោស​ឱ្យ​កសាង​ជីវភាព​ថ្មី និង នៅ​ការពារ​ទឹក​ដី​កោះ​ផង​។
កោះ​ទន្សាយ​
ហេដ្ឋារចនាសម្ព័នទេ​ស​ចរណ៍​នៅ​កោះទន្សា​យបាន​កសាង​ឡើង​នៅ សម័យ​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រនិយម មាន​ដូចជា​ផ្លូវ​រទេះសេះ​ជុំវិញ​ដី​កោះ ម៉ូ​តែ​ល​សង់​អំពី​ឈើ​ប្រក់​ស្បូវ ភោជនី​ដ្ឋា​ន​សង់​អំពី​ឈើ​ប្រក់​សង្ក​សី ប្រព័ន្ធ​ទឹក​ស្អាត និង សំណង់​រដ្ឋ​ផ្សេងៗ​ទៀត ។​ល​។ ធម្មជាតិ និង សង្គ្រាម​ជាង​២​ទស្សវត្ស​កន្លង​មកនេះ បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន​ទាំង​នេះ​ស្ទើរតែ​ទាំងអស់​។ សព្វថ្ងៃ​មាន​ប្រជាជន​ជា​ច្រើន​​គ្រួសារ​​បាន​បោះ​ទីតាំង​រស់​នៅលើ​កោះ​នេះ ប្រកប​របរ​រកស៊ី​នេសាទ​សមុទ្រ​តូចតាច និង ថែរក្សា​ចំការ​ដូង​៕

មតិយោបល់