ក្រុមហ៊ុន Sanofi បានរពឹងទុកថា តួលេខនៃការលក់ឱសថរបស់ខ្លួននៅក្នុងប្រទេសចិន នឹងកើនឡើងបានពីរខ្ទង់ នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ ខណៈដែលក្រុមហ៊ុនបារាំងមួយនេះកំពុងតែបោះជំហានឆ្ពោះទៅមុន ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេសចិន។
លោក Christopher Viehbacher នាយកប្រតិបត្តិក្រុមហ៊ុនបារាំងនេះ ប្រចាំនៅក្នុងប្រទេសចិនបានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្មីៗនេះថា ក្រុមហ៊ុន មានផែនការពង្រីកអាជីវកម្មខាងវ៉ាក់សាំការពារ និងខាងផលិតផលព្យាបាលបសុសត្វនៅប្រទេសចិនក្នុងឆ្នាំនេះ ដែលនឹងជួយបង្កើនបរិមាណលក់ឲ្យកើនឡើងលើសពី ១,២៨ពាន់លានដុល្លារអាមេរិក ដែលជាទំហំការលក់នៅប្រទេសចិនកាលពីឆ្នាំមុន។
លោកបានបន្ថែមទៀតថា បើទោះបីជាក្រុមហ៊ុនមិនបានបង្ហាញពីរបាយការណ៍នៃការលក់ឲ្យលម្អិតក្ដី ប៉ុន្តែសម្រាប់ទីផ្សារប្រទេសចិនគឺកើនឡើងចំនួន ១៥ភាគរយកាលពីឆ្នាំ ២០១២។
នាយកប្រតិបត្តិរូបនេះ បានបង្ហើបឲ្យដឹងទៀតថា ក្រុមហ៊ុនមានគម្រោងបង្កើតរោងចក្រចំនួនបួនបន្ថែមទៀតពីលើរោងចក្រដែលមានស្រាប់ចំនួនប្រាំមួយនៅក្នុងប្រទេសចិន ដើម្បីពង្រីកការផលិតបរិក្ខាពេទ្យ វ៉ាក់សាំង ផលិតផលថែរក្សាសុខភាព និងថែរក្សាបសុសត្វ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបារាំងមួយនេះ គ្រោងនឹងទិញយកក្រុមហ៊ុនផលិត ផលិតផលថែរក្សាសុខភាព និងក្រុមហ៊ុនផលិត ផលិតផលថែរក្សាបសុសត្វនៅក្នុងប្រទេសចិន៕
មតិយោបល់