ព័ត៌មានជាតិ

របាំ​ត្រុដិ​ជា​របាំ​ផ្លាស់​ឆ្នាំ​ចាស់​ត្រាច់​ចូលឆ្នាំថ្មី និង​ដេញ​ឧបទ្រុពចង្រៃ​

​របាំ​ត្រុដិ​គឺជា​របាំ​ដ៏​មាន​ប្រជាប្រិយភាព​គួរឱ្យកត់សម្គាល់​ក្នុងចំណោម​របាំ​ប្រពៃណី​ខ្មែរ ហើយ​តាម​ជំនឿ​គេ​លេង​របាំ​ត្រុដិ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង​នាំមក​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកប​ដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី ។
7dd5333c-89b2-47b8-9cee-5280595cd4ab
ជាទូទៅ​ការសម្តែង​របាំ​ត្រុដិ​នេះ​ច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ព្រោះ​ពាក្យ «​ត្រុដិ​» នេះ​គឺ​សំដៅ​ដល់​ពេល​ដែល «​ឆ្នាំ​ចាស់​ដាច់​ដើម្បី​ត្រាច់​ចូលឆ្នាំថ្មី​» ហើយ​អ្វី​ដែល​ជា​ជំនឿ​ដែរនោះ​គឺ​ប្រសិនបើ​យើង​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឬ​មិន​ចូលរួម​អបអរសាទរ​ជាមួយ​របាំ​នេះ ដោយ​ប្រការ​ណាមួយ​អាច​នាំមក​នូវ​អំពើ​ទុក្ខសោក​ជាក់​ជាមិនខាន ។​

​របាំ​ត្រុដិ​នេះ​ដែរ​វា​ចេញមក​ពី​ភាសា​សំ​ស្ក្រិត “​ត្រុដិ​” មានន័យ​ថា “​ផ្ដាច់​” ។ របាំ​ត្រុដិ​ជា​របាំ​ប្រជាប្រិយ​ដែល​គេ​លេង​តែ​ពេល​ចូលឆ្នាំ​ខ្មែរ​ដើម្បី ផ្ដាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី និង​ដើម្បី​ប្រសិទ្ធិ​សព្ទសាធុការពរ​ដល់​អ្នកស្រុក​ក្នុងឱ​កាសចូ​ល​ឆ្នាំ ថ្មី​នោះ​ផង ។ ប៉ុន្តែ​អ្នកស្រុក​អាច​យករ​បាំង​ត្រុដិ​នេះ​មក​លេង​ម្ដង​មួយ​កាល​ដែរ ដើម្បី​បន់ស្រន់​សុំ​ទឹកភ្លៀង​នៅពេលដែល​មាន​ការ​រាំងឫស​ជា​យូរហើយ ។ សព្វថ្ងៃ​របាំ​ត្រុដិ​មាន​នៅ​សល់​តែ​ក្នុង​ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​តែប៉ុណ្ណោះ ។​

​តាម​សេចក្ដីរាយការណ៍ លោក មាស ហាំម បានឲ្យដឹងថា ត្រុដិ​ជា​របាំ​របស់​សាសន៍​សំរែ (​សព្វថ្ងៃ​រស់​នៅ​ភូមិភាគ​ខាងជើង​បឹង​ទន្លេសាប​) ដែល​តែងតែ​នាំយក​របាំ​ត្រុដិ​មក​លែង​ថ្វាយ​ពរ​ដល់​ព្រះមហាក្សត្រ​ក្នុង ឱកាស​បុណ្យចូលឆ្នាំ កាល​ដែល​ព្រះអង្គ​គង់​នៅ​អង្គរ ។ ដូច​នព​ហើយ​បាន​ជា​របាំ​ត្រុដិ​មាន​នៅ​សល់​ក្នុង​ខេត្ត​សៀមរាប ។​

​ករណី​យូរៗ​ម្ដង​រមែង​មាន​សត្វព្រៃ​ចូលមក ក្នុងភូមិ​ស្រុក ។ អ្នកស្រុក​តែង​មាន​ជំនឿ​ថា​នឹង​កើត​មាន​ឧបទ្រុព​ចង្រៃ​បែប​ណាមួយ​ជាមិនខាន ឡើយ អ្នកស្រុក​ក៏​នាំគ្នា​ប្រោះព្រំ​ប្រេងម្សៅ​ឲ្យ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ ។ អាស្រ័យ​ដោយ​មាន​ជំនឿ​បែបនេះហើយ​ទើប​គេ​រៀបចំ​ឲ្យមាន​ជា​របាំ​ត្រុដិ ឡើង ដោយ​ត្រូវ​មាន​សត្វ ប្រើ​ស ទន្សោង ក្ងោក ដែល​សុទ្ធសឹង​ជា​សត្វព្រៃ​មក​បង្ហាញខ្លួន អ្នកស្រុក​ក៏​នាំគ្នា​ប្រោះព្រំ​ប្រេង​ម្សៅ ចងដៃ​នឹង​អំបោះ​ព្រមទាំង​ឲ្យទាន​ជា​លុយកាក់​ទៅ​ធ្វើ​បុណ្យរំដោះគ្រោះ ឲ្យ​ស្រេច​តែ​ម្ដង​ទៅ​ប្រសិនបើ​មាន​សត្វព្រៃ​ចូល​មក​ម្ដង​ទៀត ។​

​ចំណែក​ឯកសារ​ផ្សេងទៀត​បាន​បញ្ជាក់​ថា​របាំ​ត្រុដិ​ទាក់ទង​ទៅ​នឹង​រឿងនិទាន​មួយ​ដែល​ដំណាល​ថា កាល​ដែល​ព្រះពុទ្ធ​មិន​បាន​ត្រាស់ ទ្រង់​ចេញ​ទៅ​សាង​ព្រះ​ផ្នួស​ពេលនោះ​មាន​មារ​បាន​កលែងខ្លួន​ជា​ប្រើ​សមក ស្ទាក់​ដំណើរ ព្រះ​ពោធិសត្វ​ក៏​តាំង​អធិដ្ឋាន​ឡើង ។ ពេល​នោះ​ពួក​ទេវតា​ទាំងឡាយ​ក៏​នាំគ្នា​ចុះមក ដោយ​ក្លែងខ្លួន​ជា​ងោះ ហើយ​ក៏​បាញ់​ប្រើស​ក្លែងខ្លួន​នោះ​ស្លាប់​ទៅ ។​

​អាស្រ័យ​ដោយ​មាន​រឿងរ៉ាវ​ហេតុនេះហើយ បានជា​គេ​រៀបចំ​ឲ្យមាន​ជា​របាំ​ត្រុដិ​នេះ​ឡើង ដែល​ត្រូវ​មាន ៖

  • ដង​កញ្ឆាៈ ដំណាង​ក្លោះ ឬ​ឆ័​ត្រសម្រាប់​បាំង​ព្រះ​ពោធិស​ត្វ​
  • សម្លេង​ស្គរៈ តំណាង​ឲ្យ​ពួក​ទេវតា​
  • ពួក​នាងរាំៈ តំណាងឲ្យ​ទេពអប្ស​រហែ​រហម​
  • ព្រាន ឬ​មនុស្ស​ព្រៃៈ តំណាង​ងោះ​
  • សត្វ​ប្រើស ទន្សោងៈ តំណាង​មារ ។​

​តាម​អ្នកស្រី ហ្គ ប៉ូ​រេ បាន​និយាយថា ជនជាតិ​អាស៊ី​យើង​និយម​ទុក​សត្វ​ក្ងោក​ជា​តំណាង​ព្រះអាទិត្យ​ដែល​តាម​ជំនឿ ជាន់​ដើម គេ​ចាត់ទុក​ព្រះអាទិត្យ​ជា​អាទិទេព​មួយ​ដែរ ។ ការ​រាំ​របាំ​ត្រុដិ​ដោយ​មាន​កន្ទុយក្ងោក​ពីព្រោះ​អ្នកស្រុក​ត្រូវការ បួងសួង​បន់ស្រន់​ដល់​ព្រះអាទិត្យ​ដើម្បី​សុំ​ទឹកភ្លៀង​ឲ្យបាន​គ្រប់ គ្រាន់​សម្រាប់​ធ្វើស្រែ​ចម្ការ ។ ហេតុនេះហើយ​បានជា​គេ​លេង​របាំ​ត្រុដិ​នៅពេល​ចូល​ឆ្នាំ​ដើម្បី​ជុ​នពរ ដល់​អ្នកស្រុក​ផង និង​ដើម្បី​សុំ​ភ្លៀង​ពី​ដើម​ឆ្នាំ​ផង​៕​

មតិយោបល់