ព័ត៌មានជាតិ

ទំលាប់​ទាំង ៧ របស់​អ្នកទទួលបាន​ជោគជ័យ​

​នៅក្នុង សៀវភៅ “7 habits of Highly Effective People” ដែល​និពន្ធ​ដោយ​លោក Stephen R. Covey អាច​បង្ហាញ​ឲ្យ​អ្នកអាន​ទាំងអស់​គ្នា​បានដឹង​ពី ទំលាប់​ទាំង ៧ យ៉ាង​ដែល​មនុស្ស​ទទួលបាន​ជោគជ័យ​ច្រើន​អនុវត្ត ហើយ​ជា​ឪ​កាស​សំរាប់​ស្វែងយល់​ពី​ខ្លួន​របស់​អ្នក និង ការ​ជិះ​ឥទ្ធិពល​របស់​អ្នក​ចំពោះ​អ្នក​ដ៏​ទៃ ។​រាល់​ភាពជោគជ័យ ក្នុង​ជីវិត​ភាគច្រើន សុទ្ធតែ​ចាប់ផ្តើម​ចេញពី​ទំលាប់​របស់​អ្នក ហើយ​ដែល​អ្នកនិពន្ធ​បាន​ឆ្លងកាត់ សង្កេត​ឃើញ និង​បាន​ប្រមូល​ចងក្រង​បាន​ជា​សៀវភៅ មួយ ក្បាល​ដែល និយាយ ពី​ទំលាប់​របស់​អ្នក​ដែល​ទទួលបាន​ជោគជ័យ ក្នុង​ជីវិត​របស់​ពួកគេ​ដែល​វា​ជា​ផ្នែក​មួយ​ជំនួយ សំរាប់​អ្នក​តែ​ត្រៀម​ខ្លួន​សំរាប់​ទទួលបាន​ជោគជ័យ ។​
https://i1272.photobucket.com/albums/y389/domneng/Impress-People_zps1becbf06.jpg
​ ​សៀវភៅ 7 habits of Highly Effective People” ដែល​និពន្ធ​ដោយ​លោក Stephen R. Covey ជា​សៀវភៅ​មួយ​ដែល​មាន​សារប្រយោជន៍ និង មាន​ឥទ្ធិពល​លើ​ការគិត​របស់​អ្នកអាន និង អាច​កែប្រែ​សកម្មភាព​របស់​អ្នក​បាន​ទៀត​ផង​។ ពេលនេះ ខ្ញុំ​សូម​លើក​យក​ដោយ​សង្ខេប នូវ​ទំលាប់ ទាំង ៧ យ៉ាង របស់​អ្នក​ដែល​ទទួលបាន​ជោគជ័យ ដើម្បី​យក​មក​បង្ហាញ មិត្ត​អ្នកអាន​ទាំងអស់​ទុកជា​គំនិត​សំរាប់​ពិចារណា

​ទំលាប់​ទី ១ តែងតែ​សកម្ម

​ ​ការផ្លាស់ប្តូរ​តែងតែ​ចេញមក​ពី​ចិត្ត​នៃ​មនុស្ស​ម្នាក់ៗ ។ មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​ជា​មនុស្ស​ដែលមាន​សកម្មភាព​យ៉ាងសកម្ម ដោះស្រាយ និង គ្រប់គ្រង​លើ បញ្ហា​ដែល​កំពុង​ជួ​ម​ប្រទះ ដោយ​មិន​បណ្តោយ​តាម​ជោគវាសនា​ទាំងស្រុង​នោះ​ទេ ។​គេ​ជឿ​ថា សកម្មភាព​យ៉ាង​សកម្ម​របស់​ពួកគេ​នឹង​មាន​ឥទ្ធិពល​ក្នុង​ការរៀបចំ​ជោគវាសនា​របស់​ពួកគេ​។

​ទំលាប់​ទី ២ ចាប់ផ្តើម​កំនត់​គោលដៅ​ពី​តូច​ទៅ​ធំ

​ ​អ្នក​ត្រូវ​កំនត់​ទិសដៅ​អនាគត​របស់​អ្នក​ឲ្យបាន​ច្បាស់លាស់ ។ ការ​កំនត់​គោលដៅ គឺ​អ្នក​ធ្វើ​យ៉ាងណា​ធានា ឲ្យបាន​នូវ​គោលដៅ​រយៈពេល​វែង និង រយៈពេល​ខ្លី ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​គោលដៅ​រយៈ​យុ​អង្វែង​របស់​អ្នក ។ ការ​កំនត់​គោលដៅ​រយៈពេល​ខ្លី​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​មាន​តួនាទី​ជា​កំលាំង​ជំរុញ​ឲ្យ​យើង​ព្យាយាម​បន្តទៀត​ដើម្បី សំរេច​គោលបំណង​របស់​អ្នក​។​

​ទំលាប់​ទី ៣ ផ្តល់​អាទិភាព​ដោះស្រាយ​រឿង​ដែល​សំខាន់​ជាង​

​ ​អ្នក​ត្រូវ​កំនត់​ឲ្យបាន​នូវ​រាល់​កិច្ចការ​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ថា​ការងារ​ណា​ដែល​មាន​សារសំខាន់​ជាង​ហើយ​ត្រូវ​ផ្តល់​អទិភាព​ក្នុង​ការដោះស្រាយ​មុន​។ ក្នុង​ជីវភាព​ប្រចាំថ្ងៃ អ្នក​ដែល​ទទួលបាន​ជោគជ័យ​មាន​រឿង​ជាច្រើន​ដែល​ត្រូវធ្វើ និង ដោះស្រាយ តែ​គេ​អាចធ្វើ​បាន​យ៉ាង​ល្អ ព្រោះ​គេ​មាន​ទំលាប់​បែងចែក​កំនត់​កំរិត​ចាំបាច់​ចំពោះ​ការងារ​នី​មួយៗ ។​

​ទំលាប់​ទី ៤ ប្រើ​ដំណោះស្រាយ ឈ្នះ​ទាំងអស់គ្នា​

​ ​ដោះ​ដំណោះស្រាយ​ឈ្នះ​ទាំងអស់គ្នា អាច​ហៅថា ជា​ដំណោះស្រាយ​ទី ៣ ព្រោះ​នៅ​ជា ដំណោះស្រាយ មិនមែន​ខ្ញុំ​ចំនេញ ឬ អ្នក​ចំនេញ តែ​ជា​ដំណោះស្រាយ​ដែល​ភាគី​ទាំងពីរ សុទ្ធតែ​ចំនេញ​។​ក្នុង​ដំណោះស្រាយ​រាល់​បញ្ហា​អ្នក​ត្រូវ​ឈរ​លើ​គោល ការ ឈ្នះ ឈ្នះ នោះ​អ្នកនឹង​ទទួលបាន​ជោគជ័យ ក្នុង​ការពិភាក្សា អ្នក​មិន​អាច​គិតតែ​ពី​ផលប្រយោជន៍​របស់​អ្នក​ដោយ​អ្នកដទៃ​ជា​អ្នកខាតបង​នោះទេ ។

​ទំលាប់​ទី​៥ ស្គាល់​គេ ដើម្បីឲ្យ​គេ​ស្គាល់​យើង​

​ ​ចូរ​ព្យាយាម​យល់​ពី​អ្នក​ដទៃ​មុន​ពេល​ចង់​ឲ្យ​អ្នក​ដ៏ទៃយ​ល់​ពី​អ្នក ។ នេះ​ជា​ទំលាប់​ដែល​សំខាន់​ក្នុង​ការទំនាក់ទំនង ។ អ្នក​មិន​ត្រូវ​បញ្ចប់​ត្រឹម​តែ​ការ ស្តាប់​គេ​នោះទេ តែ​អ្នក​ត្រូវ​ចេះ​ដាក់​ខ្លួនឯង​ចូល​ក្នុង​ស្ថានភាព​របស់​អ្នក​ដ៏​ទៃ ដើម្បី​យល់​ពី​អារម្មណ៍ ការគិត និង សកម្មភាព​របស់​ពួកគេ​។​

​ទំលាប់​ទី ៦ បង្កើត​សាមគ្គី​រួម​កំលាំង អភិវឌ្ឍន៍​

​ ​ការបង្រួបបង្រួម​ជា​កំលាំង​មួយ​ដែល​មាន​សារសំខាន់ និង មាន​កំលាំង​ជាង​ការសំរេច​ដោយ ឯកឯង ។ ដោយ​មាន​ការ​យល់ចិត្ត​គ្នា ការជឿ​ទុកចិត្ត​គ្នា អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ ជាង​ការ​ដែល​អ្នកដោះស្រាយ​បញ្ហា​ដោយ​មិន​បាន​យក​យោបល់​របស់​អ្នកដ៍ទៃ​យកមក​ពិចារណា​។​

​ទំលាប់​ទី ៧ រៀនសូត្រ​ជាប្រចាំ​

​ ​អ្នក​មិន​ត្រូវ​ត្រេកត្រអាល​នឹង​អ្វី​ដែល​អ្នក​កំពុង​មាន​ពេក​ទេ អ្នក​ត្រូវ​ចាំ​ថា គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​ជានិច្ច​នោះ​ទេ ហេតុនេះ​ការអភិវឌ្ឍន៍​ខ្លួន​ជា​ប្រចាំ​ជា​រឿង​សំខាន់​ណាស់ ។ អ្នក​ត្រូវ​ជា​មនុស្ស​ដែល​មាន​ការអភិវឌ្ឍន៍​ជានិច្ច​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ទោះ​បី​ជា​ច្រើន​ឬ តិច​ក៏ដោយ តែ​អ្នក​ត្រូវ​ដឹង​ថា អ្នក​មាន​ការរីកចំរើន​ជាង ម្សិលមិញ មិនមែន​កើន​តែ​អាយុ នោះទេ ទាំង​ចំនេះដឹង និង បទពិសោធន៍ ក៏​មាន​ការរីកចំរើន​ផង ដែរ​៕​

ប្រែសម្រួល​អត្ថបទដោយ​៖ លោក ម៉ៅ សុខេន​
ដក​ស្រង់ចេញ​ពី ៖7 habits of Highly Effective People

មតិយោបល់