ព្រះសីហនុ: លោកអធិការរងស្រុកព្រៃនប់ បានប្រាប់ Post News ឲ្យដឹងថានៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង០៤និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកសំរាម១គ្រឿង របស់ក្រុមហ៊ុនស៊ិនទ្រី បើកបរដោយឈ្មោះ អ៊ុក រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅស្រុកដូនកែវ ខេត្តតាកែវ មានទិសដៅពីកន្លែងចាក់សំរាម ឃុំអូរឧកញ្ញ៉ាហេង លុះដល់ចំណុចមុខវត្តបិតត្រាង ដែលមានផ្លូវចំណោទ រថយន្តក៏អស់ខ្យល់ហ្វ្រាំង ជាន់មិនស៊ីដាក់លេខមិនចូល រអិលថយក្រោយ ធ្លាក់មកផ្លូវខាងឆ្វេងចូលក្នុងផ្ទះប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសធ្ងន់ក្មេងប្រុសចំនួនម្នាក់ឈ្មោះ សម្បត្តិ វិបុត្រ អាយុ១៣ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយមកស្លាប់ និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួន។ ចំណែកអ្នកបើកបររថយន្ត ត្រូវបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរបន្ថែម។ រីឯវត្ថុតាងរថយន្ត ១គ្រឿង បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕



មតិយោបល់