ព័ត៌មានជាតិ

តាំងខ្លួនជាជនពិការស្លៀកខោជើងមួយចំហៀង ដើរសុំទានពីប្រជាពលរដ្ឋ

ប៉ោយប៉ែតៈ បុរសម្នាក់មិនមែនជាជនពិការ តែបែរជាស្លៀកខោជើងមួយចំហៀង ដើម្បីឲ្យប្រជាពលរដ្ឋមើលមកឃើញថា ខ្លួនជាជនពិការ ទុរគត រួចសុំទានពីប្រជាពលរដ្ឋ ត្រូវបាននគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត សង្ស័យពិនិត្យឃើញ ក៏នាំខ្លួនយកមកធ្វើការសាកសួរ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។

នៅចំពោះមុខសមត្ថកិច្ច បុរសដែលតាំងខ្លួនជាជនពិការចាំសុំទានពីប្រជាពលរដ្ឋខាងលើនេះបានសារភាពថា ខ្លួនមិនមែនជាជនពិការអ្វីនោះទេ ប៉ុន្តែមិនដឹងជាប្រកបមុខរបរអ្វី ទើបសម្រេចចិត្ត ធ្វើជាស្លៀកខោជើងមួយចំហៀង ដូចជាជនពិការពិតប្រាកដ រួចអង្គុយតាមចិញ្ចើមថ្នល់ ដើម្បីចាំសុំទានពីប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ ហើយក៏ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ បានឃើញមានការសង្ស័យក៏ត្រួតពិនិត្យឃើញថា បុរសខាងលើនេះ មានជើងទាំងសងខាងត្រឹមត្រូវ តែបែរជាកុហកធ្វើជាជនពិការ រួចសមត្ថកិច្ចនាំខ្លួន មកធ្វើការសាកសួរតែម្តង។

បច្ចុប្បន្នបុរសដែលតាំងខ្លួនជាជនពិការ ចាំសុំទានពីប្រជាពលរដ្ឋខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ណែនាំឲ្យឈប់ប្រព្រឹត្តនូវទង្វើកុហក ឆបោកទឹកចិត្តអាណិត អាសូរ របស់ប្រជាពលរដ្ឋបែបនេះបន្តទៀត ហើយត្រឡប់ទៅប្រកបមុខរបរត្រឹមត្រូវនៅក្នុងសង្គម ដូចជនដ៏ទៃទៀត ដែលមិនរស់នៅចាំកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋស្លូតត្រង់៕

ពិការក្លែងក្លាយ (6)ពិការក្លែងក្លាយ (1)ពិការក្លែងក្លាយ (3)ពិការក្លែងក្លាយ (4)ពិការក្លែងក្លាយ (5)

មតិយោបល់