កំពង់ចាមៈ ករណីព្រះសង្ឃ៣៧អង្គ និងកូនសិស្សលោក២នាក់ មានអាការៈ រាគ ក្អួតចង្អោរ និងចុកពោះ ជាបន្តបន្ទាប់ ដោយសារពុលសម្ល ស្ពៃជ្រក់។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងវត្តបារាយណ៍ ស្ថិតនៅក្នុងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម លោក សោ សាវឿន បានប្រាប់ Post News នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះថា កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ ម្សិលមិញនេះ មានព្រះសង្ឃពុលចង្ហាន់ រាគ ក្អួតចង្អោរ និងចុកពោះជាបន្តបន្ទាប់ ។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យឃុំក៏បានមកពិនិត្យ រួចរាយការណ៍ជូនប្រធានមន្ទីរពេទ្យបង្អែកស្រុក ដឹកនាំកម្លាំងពេទ្យស្រុកចុះមកជួយពិនិត្យព្យាបាលដល់ព្រះសង្ឃ ដែលមានអាការៈពុលចង្ហាន់។
លោក សោ សាវឿន បានឲ្យដឹងទៀតថា រហូតដល់វេលាយប់ថ្ងៃដដែល ព្រះសង្ឃដែលមានអាការៈពុលចង្ហាន់២១អង្គ និងកូនសិស្សលោក១នាក់ បានបញ្ជូនមក មន្ទីរពេទ្យស្រុក បានធូរស្រាលទាំងអស់ហើយ។ ដោយឡែកព្រះសង្ឃដែលបានព្យាបាលសះស្បើយ នៅ ក្នុងវត្ត១៦អង្គ និងសិស្សលោក១នាក់។ ដូច្នេះសរុបព្រះសង្ឃដែលបានព្យាបាល៣៧អង្គ និងសិស្សលោក២នាក់ ក្នុងចំនួនព្រះសង្ឃក្នុងវត្ត៧៣អង្គ៕
មតិយោបល់