ភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យប៉ះពាល់ប្រជាជនជាង ៥០៨.០០០នាក់ នៅក្នុងខេត្តយុនណាន និងស៊ីឈួន ភាគនិរតីនៃប្រទេសចិន នេះបើយោងតាមសម្ដីរបស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងនៅថ្ងៃពុធ។
ភ្លៀងធ្លាក់ខ្លាំងនេះ បានចាប់ផ្ដើមបំផ្លិចបំផ្លាញផ្នែកមួយនៃខេត្តស៊ីឈួនកាលពីល្ងាចថ្ងៃចន្ទ ដែលបណ្ដាលឲ្យមនុស្សពីរនាក់បាត់ខ្លួន។ នេះបើយោងតាមការឲ្យដឹងពីស្នាក់ការកណ្ដាលទឹកជំនន់ខេត្ត។
ហេតុការណ៍ភ្លៀងធ្លាក់ច្រើននេះ បានបំផ្លាញនូវផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ប្រមាណជា ៣០០ខ្នង ហើយបានធ្វើឲ្យកម្រិតទឹកនៅតាមដងទន្លេសំខាន់ៗមួយចំនួនកើនឡើងខ្ពស់ទៀតផង។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងតំបន់បានធ្វើការជម្លៀសប្រជាជនប្រមាណជា ៣៦.៨០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាព ព្រោះថាភ្លៀងនៅតែបន្តធ្លាក់ ហើយទឹកនៅតែជន់។
ចាប់តាំងពីល្ងាចថ្ងៃចន្ទមកដល់ពេលនេះ មានស្ពានចំនួន៣ត្រូវបានស្រុងបាក់ ដោយសារតែទឹកបានហូរច្រោះ ហើយបណ្ដាលឲ្យមានមនុស្ស១២នាក់បានបាត់ខ្លួន និងរថយន្តចំនួន៦គ្រឿងត្រូវបានធ្លាក់ចូលទៅក្នុងទន្លេ៕



មតិយោបល់