ព័ត៌មានជាតិ

ពលករត្រៀមទៅជប៉ុនម្នាក់ បានដាក់ពាក្យបណ្តឹងឱ្យប៉ូលិស ជួយអន្តរាគមន៍ ខណៈសង្ស័យថា មានមេខ្យល់នាំគូដណ្តឹងខ្លួន ទៅប្រទេសចិនបាត់

ភ្នំពេញៈ យុវជនម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ហើយហៅស្ត្រីម្នាក់ ដែលគេអះអាងជាបងស្រីរបស់មេខ្យល់ នោះមកសួរនាំនៅប៉ុស្តិ៍ផងដែរ បន្ទាប់ពីមានមេខ្យល់ម្នាក់ នាំគូដណ្តឹងរបស់ខ្លួនទៅប្រទេសចិនបាត់ ហើយទាក់ទងមិនបាន ដោយសង្ស័យថា មានមេខ្យល់បាននាំគូដណ្តឹងរបស់ខ្លួន ទៅលក់នៅប្រទេសចិន ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

បុរសខាងលើមានឈ្មោះ អ៊ុក សុជាតិ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ជាអតីតពលករកូរ៉េ បច្ចុប្បន្នកំពុងរៀនភាសារជប៉ុន ត្រៀមទៅធ្វើពលករប្រទេសជប៉ុន នៅខែ១២ ឆ្នាំ២០១៩នេះ ចំណែកមេខ្យល់ដែលរងការចោទប្រកាន់នោះ មានឈ្មោះ ថោង ស្រីរ័ត្ឋ ភេទស្រី អាយុជាង២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ រីឯនារីរងគ្រោះ ដែលមេខ្យល់នាំទៅបាត់នោះឈ្មោះ ញ៉ សុខចន្ទ័ ហៅតក់ អាយុ២១ឆ្នាំ រស់នៅភូមិអ្នកលឿង ឃុំរ៉ាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បើតាមការរៀបរាប់របស់បុរសជាពលករនោះ ថាខ្លួនបានស្គាល់នាង សុខច័ន្ទ តាមរយៈការលេងហ្វេសប៊ុក ហើយស្រទ្បាញ់គ្នា ជាមួយសុខច័ន្ទប្រហែល៣ឆ្នាំមកហើយ ពេលនោះនាងជាកម្មកររោងចក្រ ចំណែកខ្លួនជាពលករនៅប្រទេសកូរ៉េ ។
ប្រភពបានរៀបរាប់ទៀតថា ក្រោយពីស្រទ្បាញ់គ្នា ល្អូកល្អើនបាត់មុខមិនបាន ពេលមកពីកូរ៉េវិញខ្លួនថា នឹងយកនាងជាគូអនាគត ហើយចូលដណ្តឹងនាងកាលពី១ឆ្នាំមុន។ ក្រោយមកទាំង២នាក់ ក៏បានសម្រេចចិត្តប្រឡងចូលរៀនភាសារជប៉ុន ជាប់ទាំ២នាក់ ដើម្បីទៅធ្វើពលករនៅប្រទេសជប៉ុន តែខ្លួនគឺរៀនចប់មុន ហើយត្រៀមទៅធ្វើពលករជប៉ុននៅខែ១២ឆ្នាំនេះ ចំណែកនាងសុខច័ន្ទ គឺទៅជប៉ុននៅវគ្គបន្ទាប់ ហើយបីឆ្នាំក្រោយពេលត្រឡប់មកស្រុកវិញ ពួកយើងនឹងចូលរោងកាតែម្តង ។

បុរសរូបនោះបានបន្តថា ស្រាប់តែគូដណ្តឹងរបស់ខ្លួន បានទូរសព្ទ័មកតាមរយៈហ្វេប៊ុកថា គេកំពុងនៅប្រទេសវៀតណាម ហើយអត់ផ្ទះសំណាក់ដេកទេ ដែលគេអះអាងថា ទៅវៀតណាមតាំងពីថ្ងៃ២០ ខែសីហា ហើយគោលបំណងរបស់នាង គឺទៅប្រទេសចិនជាមួយឈ្មោះ ថោងស្រីរត័្ន ដើម្បីយកខោអាវមកលក់នៅភ្នំពេញ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤នេះ ខ្លួនមិនអាចទាក់គូដណ្តឹង ឬមេខ្យល់នោះបានទេ ដោយគេប្លុកហ្វេសប៊ុកខ្លួនចោលអស់ ហើយអ្វីដែលហួសចិត្តនោះ គូដណ្តឹងរបស់ខ្លួន មុនទៅចិននោះមិនបានប្រាប់ខ្លួន ឬក្រុមគ្រួសារឱ្យដឹងនោះទេ ពេលទៅដល់វៀតណាម ទើបតេប្រាប់រួចក៏បិទទូរសព្ទ័រហូតមកដល់ពេលនេះ ។
ដូច្នេះខ្លួនយល់ថា នាងពិតជាចាញ់បោកគេមិនខានឡើយ ព្រោះនាងទៅនោះគ្មានលុយទេ ហើយហេតុអីគេល្អម្ល៉េះ ហៅនាងទៅរកស៊ីជាមួយខ្លួនមិនជឿទេ ។
ជាមួយនឹងការដាក់ពាក្យបណ្តឹង ខ្លួនក៏បានស្គាល់ផ្ទះជួលបងស្រីបង្កើតរបស់ថោងស្រីរត្នជាមេខ្យល់ ហើយក៏សំណូមពរឱ្យប៉ូលិស ទៅហៅបងស្រីនោះ មកប៉ុស្តិ៍ដើម្បីសួនាំ និងជួយទាក់ទងឱ្យប្អូនស្រីគាត់យកគូដណ្តឹងរបស់ខ្លួន មកស្រុកវិញផងដែរ ។

សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ឱ្យដឹងថា ពិតជាមានគេដាក់ពាក្យបណ្តឹងរឿងនេះមែន តែរឿងហេតុជាក់ស្តែងយ៉ាងណា សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត ៕

មតិយោបល់