ភ្នំពេញៈ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឲ្យ លោក Bill Longhurst ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តែងការគួរសម
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យ លោក Bill Longhurst ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តែងការគួរសម និងពិភាក្សាការងារ ។
នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបអំពីការងារអាទិភាព របស់ក្រសួងដែលមានជាអាទ៌៖
1. ការចុះបញ្ជីដីធ្លីទូទាំងប្រទេសសម្រេចបាន ៤,៣ លានក្បាលដី ស្នើនឹង ៦២% នៃចំនួនសរុប ៧ លានក្បាលដី ។ ក្រសួងត្រូវការរយៈ៤ ឆ្នាំទៀត ដើម្បីបញ្ចប់ការចុះបញ្ជីដីធ្លី ប៉ុន្តែក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្រសួងនឹងខិតខំបញ្ចប់ឲ្យបាននៅបំណាច់ឆ្នាំ ២០១៨ នេះ ។
2. ការដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេស ដោយឈរលើយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ របស់ក្រុមការងារចុះដោះស្រាយវិវាទដីធ្លី របស់ក្រសួងដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ចុះស្រាវជ្រាវនិង ជួបជាមួយភាគីវិវាទ ផ្ទាល់នៅតាមបណ្តារាជធានីខេត្ត ។
3. ការរៀបចំផែនការ ប្រើប្រាស់ដីធ្លី និងប្លង់គោលនៅទូទាំងរាជធានីខេត្ត និង
4. ការរៀបចំគោលនយោបាយលំនៅឋាន និងការអនុវត្តគម្រោង លំនៅឋានមានតម្លៃ សមរម្យដោយសិក្សា អនុវត្តគម្រោងអភិវឌ្ឍ នៅនឹងកន្លែងអគារប៊ូឌីញស ជាការអនុវត្តគម្រោងសាកល្បង ។
ជាមួយគ្នានេះផងដែរ លោកឯកអគ្គរាជទូត បានអបអរសាទរនូវការទទួលភារកិច្ចថ្មីរបស់ លោក ទេសរដ្ឋមន្ត្រី ដែលបង្ហាញផងដែរ នូវសេចក្តីទុកចិត្តពី ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជូននូវភារកិច្ច សំខាន់ៗទាំងនេះ ។ ឆ្លើយតបនឹងវិស័យសំណង់ ដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅកម្ពុជា ពិសេសនៅប្រមាណឆ្នាំចុងក្រោយនេះ
លោកឯកអគ្គរាជទូតបានបន្តទៀតថា ស្ថានទូតនឹងកៀរគរ ក្រុមហ៊ុនសំណង់ អង់គ្លេសដើម្បីមកចូលរួម ក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ពិសេសចូលរួមក្នុងការតាំងពិព័ណ៌សំណង់ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិពណ៌កោះពេជ្រ នៅខែធ្នូខាងមុខនេះ ។
ជាការឆ្លើយតប លោក ទេសរដ្ឋមន្ត្រី នឹងសហប្រតិបត្តិការជាមួយស្ថានទូត នៃចក្រភពអង់គ្លេស ដើម្បីលើក ស្ទួយវិស័យសំណង់ និងថ្លែងអំណរគុណដែល លោកឯកអគ្គរាជទូត បានផ្តល់នូវសេចក្តីទុកចិត្តលើស្ថិរភាព និងការរីកលូតលាស់ នៃវិស័យសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរ ចំពោះនិស្សិតខ្មែរដែលបានជាប់ អាហាររូបករណ៍ Chevening របស់ចក្រភពអង់គ្លេសទាំង ២១នាក់ ឲ្យទទួលបានជោគជ័យក្នុងការសិក្សា និងអតីតនិស្សិត Chevening ប្រមាណ ១០០នាក់ ឲ្យទទួលបានជោគជ័យផងដែរ ក្នុងការបំពេញការងារ ទៅតាមជំនាញរបស់ខ្លួន ក្នុងការបម្រើ ផលប្រយោជន៍ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
ចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានជូនពរដល់ លោកឯកអគ្គរាជទូត ក្រុមគ្រួសារ និងសហការីរបស់ស្ថានទូតទាំងអស់ ទទួលបានជោគជ័យ ក្នុងបេសកកម្មការងារ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំបានបញ្ចប់ នៅវេលាម៉ោង ១០ព្រឹក នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់ ៕
មតិយោបល់