ភ្នំពេញៈ ចាប់ពីពេលនេះតទៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ និងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ និងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលដល់ពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ព្រោះកាលពីពេលកន្លងមក គ្រាន់តែបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវបានប្រើប្រាស់ពេលវេលាឲ្យប្រជាពលរដ្ឋមក ពិនិត្យផ្ទៀងផ្ទាត់ និងតវ៉ា រយៈពេល៣០ថ្ងៃ។ ប៉ុន្តែចាប់ពីពេលនេះទៅត្រូវប្រើពេលតែ១៥ថ្ងៃប៉ុណ្ណោះ ហើយឯកសារប្លង់ដីដែលធ្វើរួច នឹងត្រូវយកទៅផ្តល់ជូនប្រជាពលរដ្ឋដល់ផ្ទះ មិនរង់ចាំទុកធ្វើបានច្រើន ហើយអញ្ជើញប្រជាពលរដ្ឋមកយកនោះទៀតទេ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញបានលើកឡើងដូច្នេះថា ក្នុងឱកាសអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ ផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ៩និងភូមិ១០ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញចំនួន១៥៦ក្បាលដី នាព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅក្នុងសាលាបឋមសិក្សាភ្នំដូនពេញក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងតំបន់វិនិច្ឆ័យនេះ មកពិនិត្យមើលឈ្មោះនិងទិន្ន័យក្បាលដីរបស់ខ្លួនឲ្យបានគ្រប់ៗគ្នាដោយមិនត្រូវឲ្យអ្នកដទៃ មកមើលជំនួសពីព្រោះអ្នកដទៃ មិនបានដឹងច្បាស់ពីប្រភេទទ្រព្យនិងទំហំដីពិតប្រាកដ របស់ខ្លួននោះឡើយ។ លោកបានបន្តទៀតថា ការមកផ្ទៀងផ្ទាត់និងមើលផ្ទាល់របស់ម្ចាស់ដីគឺជាប្រការមួយសំខាន់បំផុតព្រោះថា បើសិនជាយើងឆ្ងល់ប្រការណាមួយ ឬទិន្ន័យក្បាលដីរបស់យើងបានបាត់នោះយើងអាចសាកសួរឬតវ៉ាទៅគណៈកម្មាការដែលប្រចាំការដើម្បីពិនិត្យឡើងវិញ និងធ្វើការកែជូនមុនពេលចេញប័ណ្ណកម្មសិទ្ធិនាំឲ្យខុសនោះ។
គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីអនុវិស័យ និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានប្រមូលទិន្នន័យក្បាលដី បានចំនួន៦០សង្កាត់ ក្នុងចំណោម សង្កាត់ទាំង៩៦ នៅទូទាំងរាជធានីភ្នំពេញ ដោយប្រមូលទិន្ន័យក្បាលដីបាន ២០ម៉ឺន ៩,៦២២ ក្បាលដី បានសំរេចចេញប័ណ្ណបាន១៥ម៉ឺន ៥,១៨៥ប័ណ្ណ និងបានចែកជូនប្រជាពលរដ្ឋបានចំនួន ១៤ម៉ឺន៧,០៦៨ប័ណ្ណផងដែរ៕
មតិយោបល់