ក្រុមអ្នកវិទ្យាសាស្ត្រចិន បានរាយការណ៍នៅថ្ងៃទី០៧ខែសីហា នេះថា មានករណីឆ្លងជំងឺគ្រុនផ្ដាសាយបក្សី H7N9 ពីមនុស្សទៅកាន់មនុស្សជាលើកដំបូង បន្ទាប់ពីជំងឺមួយនេះបានស្លាប់មនុស្សជាង ៤០នាក់កាលពីខែមីនា។
លោក Chang-Jun Bao ប្រធានត្រួតពិនិត្យ និងការពារជំងឺឆ្លងប្រចាំខេត្ត Jiangsu បានថ្លែងថាប្រជាជនមិនគួរភ័យខ្លាចខ្លាំងនោះទេ ព្រោះថាការសិក្សានៅមិនទាន់រកឃើញជំងឺផ្ដាសាយមួយនេះអាចឆ្លងពីមនុស្សទៅមនុស្សមាននោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្របានចំណាយពេលជាច្រើនក្នុងការស្រាវជ្រាវលើជំងឺមួយនេះ ដោយរកឃើញថា H7N9 អាចឆ្លងពីមនុស្សទៅកាន់មនុស្សបាន ប៉ុន្តែនៅមិនទាន់មានសញ្ញាណបញ្ជាក់ច្បាស់លាស់។
បើតាមការស្រាវជ្រាវរបស់លោក Bao និងក្រុមការងារបានរកឃើញថា បុរសវ័យ ៦០ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយ H7N9 ហើយជំងឺនេះក៏បានឆ្លងទៅកាន់កូនស្រីរបស់គាត់ផងដែរ។ ក្រោយមកមានស្ត្រីវ័យ ៣២ឆ្នាំម្នាក់ដែលជាអ្នកមើលថែរបុរសវ័យ ៦០ឆ្នាំក៏បានស្លាប់ផងដែរ។
តួលេខជាផ្លូវការដែលបានចេញផ្សាយកាលពីខែមុនបានឲ្យដឹងថាមេរោគ H7N9 បានធ្វើឲ្យមនុស្សចំនួន ១៣២ នាក់មានជំងឺនៅក្នុងប្រទេសចិនដីគោក ចាប់តាំងពីករណីមនុស្សដំបូងដែលត្រូវបានរាយការណ៍ថានៅក្នុងខែមីនាដែលក្នុងនោះ ៤៣នាក់បានស្លាប់៕
មតិយោបល់