បុគ្គលិកហាត់ការនៅក្នុងធនាគារអាមេរិកម្នាក់បានស្លាប់ បន្ទាប់ពីធ្វើការអស់រយៈពេល ៧២ម៉ោងដោយមិនសម្រាក។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Moritz Erhardt វ័យ២១ឆ្នាំ ជាបុគ្គលិកហាត់ការនៅក្នុងធនាគារ Bank of Ameriaca Merrill Lynch បានស្លាប់កាលពីសប្ដាហ៍មុននៅក្នុងកន្លែងស្នាក់នៅរបស់គាត់ទីក្រុងឡុងដ៍។
បុរសជនជាតិអាល្លឺម៉ង់ម្នាក់នេះ បានធ្វើការដោយមិនបានដេកអស់រយៈពេល ៧២ម៉ោង ដើម្បីបញ្ចប់កិច្ចការរបស់ខ្លួន ប៉ុន្តែពាក់ព័ន្ធនឹងការស្លាប់នេះ ទីភ្នាក់ងារព័ត៌មាន Reuters មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះទេ។
បុគ្គលិកដែលបម្រើការងារជាអ្នកហាត់ការនៅក្នុងធនាគារខាងលើបានបញ្ជាក់ប្រាប់សារព័ត៌មានថា ធនាគារមិនបានបង្ខំឲ្យធ្វើការលើសម៉ោងរហូតដល់យប់ ឬបង្ខំឲ្យធ្វើការច្រើនម៉ោងនោះទេ។
គួរបញ្ជាក់ផងដែរថា ការស្លាប់របស់បុរសវ័យក្មេងនេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ដោយខាងមន្ត្រីសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ៕
មតិយោបល់