ភ្នំពេញៈ រថយន្តTUNTRAមួយគ្រឿង អ្នកបើកបរក្លិនស្រាហួង បើកទៅកៀររថយន្តរបស់នគរបាលព្រហ្មទណ្ឌក្រុង ហើយមិនបានឈប់ទទួលខុសត្រូវ បែជាព្យាយាមបើករត់គេច ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ នគរបាលចរាចរណ៍ក្រុង ប៉ុស្តិ៍ចោមចៅ កម្លាំងជាច្រើន ដេញស្ទាក់ឃាត់ ផ្អើលមួយចំហៀងក្រុង កិនទាំងម៉ូតូរបស់ប៉ូលិសមួយគ្រឿងទៀត ទម្រាំឃាត់បាន ហូរញើសស្រស្រាក់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាត់បានត្រង់ចំណុច ភ្លើងស្តុបផ្លូវជាតិលេខ៤ កែងផ្លូវQMI ។
រថយន្តបង្កម៉ាក TUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5966 ជិះគ្នា២នាក់ បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ក្រោយពីឃាត់បានភ្លាមៗ សមត្ថកិច្ចនាំទៅចូលប៉ុស្តិ៍ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កខាងលើ បើកកៀររថយន្ត មន្រ្តីនគរបាល ព្រហ្មទណ្ឌក្រុងភ្នំពេញ ខណៈដែលកំពុងបើកស្របទិសគ្នា លើផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ត្រង់ចំណុច សួនកុមារ ពោធិ៍ចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្ក មិនបានឈប់និយាយគ្នា ឬទទួលខុសត្រូវទេ ទោះជាហៅឃាត់ឲ្យឈប់ ក៏មិនព្រមឈប់ដែរ បែជាព្យាយាមបើករត់គេចរហូត ភ្លាមៗត្រូវបានសមត្ថកិច្ច ប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង សូមឲ្យកម្លាំង ជួយអន្តរាគមន៍ ហៅឃាត់រថយន្ត ស្លាកលេខខាងលើ ហើយរថយន្តបង្ក បើកមកដល់រង្វង់មូលចោមចៅ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ក្រុង ជួយឃាត់ក៏មិនឈ្នះ រថយន្តនៅបន្តបើកបន្ថែមល្បឿន តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច កម្លាំងសមត្ថកិច្ចជាច្រើននាក់ ច្រើនអង្គភាព ដេញតាមពីក្រោយ ឃាត់មិនជាប់ លុះដល់មុខសាលាសង្កាត់ចោមចៅ៣ ខណៈដែលនគរបាលប៉ុស្តិ៍ចោមចៅ ហៅឲ្យឈប់ តែរថយន្តខាងលើ មិនឈប់បែជាបុកកិន ម៉ូតូ មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ៣ មួយគ្រឿង ខ្ទេច បាក់កង់មុខ សំណាងល្អ លោតផុតពីគ្រោះថ្នាក់ រថយន្តTUNTRA នៅតែបន្តបោលទៅមុខ រហូតដល់ កម្លាំងព្រហ្មទណ្ឌក្រុង និងកម្លាំងខណ្ឌពោធិ៍សែនជ័យ ព័ទ្ធចាប់ឃាត់បានត្រង់ចំណុចភ្លើងស្តុប កែងផ្លូវQMI ។
អ្នកបើកបើកក្រោយពីឃាត់រថយន្តបាន សមត្ថកិច្ចហៅឲ្យចុះចេញពីរថយន្ត ភាយក្លិនស្រាហួង ហើយនាំទៅចូលប៉ុស្តិ៍ភ្លាមៗ ។
ករណីខាងលើ ត្រូវបាន នគរបាលជំនាញចុះទៅពិនិត្យជាក់ស្តែង រួចនាំយករថយន្តបង្កយកទៅរក្សារទុក ដើម្បីធ្វើការនិយាយដោះស្រាយគ្នា ៕
មតិយោបល់