យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានទូរស័ព្ទដោយផ្ទាល់ទៅកាន់ លោក ខេវិន រ៉ាដ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងគោលបំណងពិភាក្សាគ្នាអំពីបញ្ញាការប្រើប្រាស់អាវុធគីមីនៅស៊ីរី។
ការពិភាក្សាគ្នានោះ ក៏បានលើកឡើងពីជម្លោះផ្ទៃក្នុងរបស់ប្រទេសស៊ីរីតែម្ដង ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាននឹងកំពុងតែពិចារណាក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយប្រហារប្រឆាំងនឹងប្រទេសអារ៉ាប់។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់សេតវិមានអាម៉េរិក កាលពីថ្ងៃចន្ទនោះបានឲ្យដឹងថា “នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ មេដឹកនាំទាំងពីររូបនេះ បានសម្តែង នូវការព្រួយបារម្ភជាពន់ពេក អំពីសេចក្តីរាយការណ៍ទាំងឡាយ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ អាវុធគីមីដោយរបបដឹកនាំស៊ីរី ប្រឆាំងនឹងជនស៊ីវិល ក្បែររដ្ឋធានីដាម៉ាស កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅនេះ។ មេដឹក នាំទាំងពីរបានពិភាក្សាគ្នា អំពីការឆ្លើយតបដែលអាចទៅរួច គឺការវាយប្រហារ និង បង្កើតកិច្ចព្រមព្រៀងដើម្បីបញ្ចប់ ការសម្លាប់រង្គាលទូទាំងប្រទេសស៊ីរីតែម្តង”។
លោក អូបាម៉ា ក៏បានទូរស័ព្ទទៅកាន់លោកនាយក រដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមឺរូន និង លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័ស ហូឡង់ ផងដែរ កាលពីចុងសប្តាហ៍មុននេះ ដើម្បីពិចារណាអំពីការប្រើប្រាស់ មធ្យោបាយយោធាបែបណា ឬ មួយក៏ការវាយប្រហារ ដោយមីស៊ីល និង ផ្លូវអាកាសប្រឆាំងនឹង ប្រទេសស៊ីរីនោះ៕
មតិយោបល់