ព័ត៌មានជាតិ

៨​ខែ​ដំបូង កម្ពុជា​កើតមាន​ជំងឺគ្រុនចាញ់ ២៥,០៥០​ករណី និង​មនុស្ស​ស្លាប់​ចំនួន ៦​នាក់​

​នៅក្នុង​រយៈពេល ៨​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣ កម្ពុជា​កើតមាន​ជំងឺគ្រុនចាញ់ ២៥.០៥០​ករណី ពោល​គឺ​ធ្លាក់ចុះ ៤៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១២ មាន​ចំនួន ៤៨.៨១០​ករណី​។ តួលេខ​នេះ​ត្រូវបាន​ផ្ដល់​ដោយ​មជ្ឈមណ្ឌល​ជាតិ​ជំងឺគ្រុនចាញ់ បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ទីភ្នាក់ងារ​ព័ត៌មាន ស៊ិនហួ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា កន្លងទៅនេះ​ថា នៅក្នុង​ចន្លោះ​ខែ​មករា​-​សីហា ឆ្នាំនេះ ជំងឺគ្រុនចាញ់​បាន​សន្លាប់​មនុស្ស​ចំនួន ៦​នាក់ ដែល​កាលពី​ឆ្នាំ​មុន​មាន​រហូត​ដល់​ទៅ ៣១​នាក់​។​

​លោក​វេជ្ជបណ្ឌិត ច ម៉េង ចួ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺគ្រុនចាញ់ បាន​ប្រាប់​ទីភ្នាក់ងារ ស៊ិន​ហួថា “​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់ លែង​ជា​កង្វល់​ដ៏​ធំ​ទៀត​ហើយ​សម្រាប់​ប្រជាជន​កម្ពុជា​”​។​

​កាលពី​ឆ្នាំ ២០១២ មុង​ជាង ១​លាន​ត្រូវបាន​ចែក​ជួន​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺគ្រុនចាញ់​។​
​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​នឹង​បញ្ឈប់​ឲ្យមាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​នៅក្នុង​ឆ្នាំ ២០១៥ នឹង​លុបបំបាត់​ទាំងស្រុង​នៅក្នុង​ឆ្នាំ ២០២៥​។ នេះ​ជា​ការបញ្ជាក់​របស់លោក វេជ្ជបណ្ឌិត ច ម៉េង ចួ​។​

​ជំងឺគ្រុនចាញ់​ភាគច្រើន​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​រដូវវស្សា និង​ភាគច្រើន​កើន​មាន​ឡើង​នៅក្នុង​តំបន់​ព្រៃ និង​ខេត្ត​ដែល​មាន​ព្រៃ​ភ្នំ​។​
​តាមរយៈ​របាយការណ៍​បានបញ្ជាក់​ថា កាលពី​ឆ្នាំមុន កម្ពុជា​បាន​កើតមាន​ជំងឺគ្រុនចាញ់​ចំនួន ៤៨,៥៥៥៣​ករណី និង​មាន​មនុស្ស​ស្លាប់​ចំនួន ៤៥​នាក់​៕

khmer

មតិយោបល់