ព័ត៌មានជាតិ

ដេក​ថ្ងៃ ជួយ​បង្កើត​ការចង់ចាំ​ដល់​ក្មេង​មតេយ្យ​

​យោងតាម​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ការ​ដេក​ថ្ងៃ (ដេក​ចំ​ពេល​កណ្ដាល​ថ្ងៃ) បាន​ជួយ​បង្កើន​ការចង់ចាំ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការសិក្សា​របស់​ក្មេង​ថ្នាក់​មតេយ្យ​។​

napping_midday

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Massachusetts Amherst បាន​និយាយថា​ភាគតិច​ណាស់​ដែល​បាន​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ដេក​ថ្ងៃ​របស់​កុមារ ដោយ​មាន​សាលា​មតេយ្យ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក​បាន​លុបបំបាត់​វេលា​សម្រាប់​ដេក​ថ្ងៃ​របស់​សិស្ស ដោយ​មក​បង្កើត​ពេលវេលា​សម្រាប់​សិក្សា​វិញ​។ ការធ្វើ​បែប​នេះ​គឺ​បាន​បំភ្លេចចោល​នូវ​គុណសម្បត្តិ​នៃ​ការ​ដេក​ថ្ងៃ​។​

​ដើម្បី​លាតត្រដាង​បង្ហាញ​ឲ្យ​សាធារណៈ ក៏ដូចជា​សាលា​មតេយ្យ បាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ដេក​ថ្ងៃ​របស់​ក្មេង​ថ្នាក់​មតេយ្យ ក្រុម​ស្រាវជ្រាវ​ខាងលើ​បាន​ធ្វើ​ការសាកល្បង​ទៅ​លើ​កុមារ​ថ្នាក់​មតេយ្យ​ចំនួន ៤០​នាក់ ដោយ​បាន​ធ្វើ​ការពិសោធ​ន៍​ទៅលើ​ការចងចាំ​របស់​ពួកគេ​ក្នុង​ការ​សម្គាល់​រូបភាព​ផ្សេង​គ្នា និង​សាកល្បង​លើ​ល្បងប្រាជ្ញា​។​

​ក្រុម​ស្រាវជ្រាវ​បាន​ធ្វើ​ការសាកល្បង​ទៅ​លើ​កុមារ​មតេយ្យ​ដែល​រៀន​នៅ​ពេល​ព្រឹក រួច​សាកល្បង​ម្ដង​ទៀត​ទៅលើ​ពួក​គេ​ដដែល នៅ​ពេល​រសៀល ដោយ​មិន​ឲ្យ​ពួកគេ​ដេក​ថ្ងៃ​។ ជា​លទ្ធផល​ឃើញថា​ការចង់ចាំ​របស់​ពួកគេ​នៅ​មាន​កម្រិត ជាពិសេស​មិន​សូវ​ល្អ​។​

​ថ្ងៃ​បន្ទាប់​ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការសាកល្បង​ដូច​គ្នា​ទាំង​ពីរ​វេណ ប៉ុន្តែ​ឲ្យ​ពួកក្មេងៗ​ដេក​ថ្ងៃ ក្រោយ​ពី​ការសាកល្បង​ឃើញថា ក្មេង​ដែល​បាន​ដេក​ថ្ងៃ​មាន​ការចង់ចាំ​ល្អ​ជាង ក្មេង​ដែល​មិន​បាន​ដេក​ថ្ងៃ បើ​ទោះបីជា​ពួកគេ​ជា​មនុស្ស​តែ​មួយ​ក្ដី ប៉ុន្តែ​ការចង់ចាំ​របស់​ពួកគេ​មិន​ដូចគ្នា​នោះ​ទេ នៅពេលដែល​មិន​បាន​ដេក​ថ្ងៃ​។​

​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ និង​ជឿជាក់​ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅលើ​សាលា​មតេយ្យ​ចំនួន ១៤​ផ្សេងទៀត នៅក្នុង​ការពិសោធន៍​បាន​រកឃើញ​ដូច​គ្នា ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា វេលា​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ពួកគេ​ដេក​ថ្ងៃ​គឺ​មាន​រយៈពេល ៧៣​នាទី​។​

​ក្រោយពី​ទទួលបាន​លទ្ធផល​បែបនេះហើយ ក្រុម​ស្រាវជ្រាវ​បាន​ជំរុញ​ឲ្យ​សាលា​មតេយ្យ​ទាំងអស់ បង្កើត​នូវ​កម្មវិធី​ផ្ដល់​ពេលវេលា​ដោយ​ឲ្យ​ពួកក្មេងៗ​ឲ្យមាន​ពេលដេក​ថ្ងៃ ដើម្បី​បង្កើន​ការចង់ចាំ ក៏ដូចជា​លើកកម្ពស់​ការសិក្សា​របស់​ពួកគេ​ផង​ដែរ​៕

មតិយោបល់