ភ្នំពេញ៖ នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០១៣ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ នឹងចាប់ផ្ដើមដំណើរការហោះហើរប្រចាំថ្ងៃពីទីក្រុងភ្នំពេញ និងសៀមរាបទៅកាន់ទីក្រុងសៀងហៃប្រទេសចិន។ នេះបើយោងតាមសេចក្ដីរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះនៅថ្ងៃពុធម្សិលមិញ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ នឹងធ្វើការហោះហើរចំនួន ៦ដងក្នុងមួយសប្ដាហ៍ពីភ្នំពេញ និងសៀមរាបទៅកាន់ទីក្រុងសៀងហៃ តាមរយៈជើងហោះហើរ Airbus A321។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា “ជើងហោះហើរថ្មីនេះ ដោយផ្នែកលើកំណើននៃការព្យាករនៃភ្ញៀវទេសចរណ៍ចិន និងអ្នកជំនួញមកប្រទេសកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ”។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ក៏បានពង្រីកជើងហោះហើរពីទីក្រុងភ្នំពេញ និងសៀមរាបទៅកាន់ទីក្រុងបាងកក់ប្រទេសថៃ ទីក្រុងហាណូយ និងទីក្រុងហូជីមិញប្រទេសវៀតណាម និងក្វាងចូវប្រទេសចិន។
កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានដំណើរការហោះហើរប្រចាំថ្ងៃរបស់ខ្លួនពីភូមិវប្បធម៌ខេត្តសៀមរាបទៅកាន់ទីក្រុងក្វាងចូវប្រទេសចិន។
លោកអាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឲ្យដឹងថា ជើងហោះហើរថ្មីនេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសរចណ៍រវាងប្រទេសកម្ពុជា និងប្រទេសចិន។
លោកបានបន្តទៀតថា “ដោយមានការហោះហើរដោយផ្ទាល់រវាងប្រទេសកម្ពុជា និងទីក្រុងសៀងហៃ ខ្ញុំជឿជាក់ថាអ្នកជំនួញរបស់ចិន និងភ្ញៀវទេសចរណ៍ចិននឹងមកប្រទេសកម្ពុជាបានដោយងាយ”។
ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសចំនួន ៣,៤លាននាក់នៅក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ ២០១៣នេះ ដោយនៅក្នុងនោះភ្ញៀវទេសចរណ៍ដែលមកពីប្រទេសចិនមានចំនួន ៣៧៦.៥៧០នាក់ ហើយចិនគឺជាភ្ញៀវបរទេសធំលំដាប់ទី២របស់កម្ពុជាបន្ទាប់ពីវៀតណាម។ ទិន្នន័យនេះផ្ដល់ដោយក្រសួងទេសចរណ៍។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៩ ក្រោមការបណ្ដាក់ទុនរវាងរដ្ឋាភិបាលកម្ពុជា ៥១ភាគរយ និង ៤៩ភាគរយទៀតជារបស់អាជីវករវៀតណាម។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ មានយន្តហោះសម្រាប់ដឹកអ្នកដំណើរចំនួន ៦គ្រឿង ក្នុងនោះមានយន្តហោះប្រភេទ Airbus A321 ចំនួន ៣គ្រឿង និងប្រភេទ ATR 72 ចំនួន ៣គ្រឿង ហើយនៅក្នុង ២០១៥ ក្រុមហ៊ុននឹងបន្ថែមយន្តហោះឲ្យបាន ១២គ្រឿង ដើម្បីបំពេញបំណង និងតម្រូវតាមការទាមទាររបស់អ្នកដំណើរ៕
មតិយោបល់