កម្ពុជា៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះ បានឲ្យដឹងថា ចំណូលពន្ធអាករសរុបនៅក្នុងរយៈពេល ១១ខែដំបូង ឆ្នាំ ២០១៣ មានចំនួន ៣,២០០,៦៧៦លានរៀល ប្រហែល ៨០០.២លានដុល្លារអាមេរិក ដោយកើនឡើង ១៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូល និងបង់ប្រាក់ពន្ធចូលថវិកាជាតិចំនួន២២២,២៥៨លានរៀល (ប្រមាណជា ៥៥.៥លានដុល្លារអាមេរិក) បើធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ ២០១២ មានការកើនឡើងស្មើនឹង ១១.៤ភាគរយ។ សរុបរយៈពេល ១១ខែដំបូង ចំណូលពន្ធអាករមានចំនួន ៣,២០០,៦៧៦លានរៀល ប្រហែល ៨០០.២លានដុល្លារអាមេរិក ស្មើនឹង ៩២.៤ភាគរយនៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ ក្នុងនោះថវិការដ្ឋសម្រេចបានចំនួនស្មើនឹង ៨៩.៦ភាគរយ ថវិការាជធានី-ខេត្តសម្រេចបានចំនួនស្មើនឹង ១១៣.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថាក្នុងឆ្នាំ ២០១៣ កើនឡើង ១៧.៣ភាគរយ។
ប្រាក់ចំណូលពន្ធភាគច្រើនបានមកពី ពន្ធលើប្រាក់បៀវត្ស ពន្ធលើការនាំចេញ ពន្ធអាជីវកម្មយានយន្ត ពន្ធប៉ាតង់ និងពន្ធអចលនទ្រព្យ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះផងដែរថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឲ្យមន្ត្រីរបស់ខ្លួនពង្រឹងការអនុវត្តច្បាប់ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងណែនាំមន្ត្រីក្រោមឱវាទបន្តការលើកកម្ពស់ច្បាប់ពន្ធទៅលើបុគ្គលិក និងក្រុមហ៊ុន៕

មតិយោបល់