កាលពីចុងឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមហ៊ុនផលិតទូរស័ព្ទកាណាដា BlackBerry បានប្រកាសលក់ក្រុមហ៊ុន ប៉ុន្តែក្រោយមក ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយនេះបានបញ្ឈប់ការលក់ក្រុមហ៊ុនវិញ ហើយបានផ្លាស់ប្ដូរនាយកប្រតិបត្តិ។
ក្រោយពេលដែល Facebook ទិញ WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិកមក ថ្មីៗនេះ លោក John Chen នាយកប្រតិបត្តិរបស់ BlackBerry បាននិយាយថា លោកនឹងយល់ព្រមលក់កម្មវិធីផ្ញើសារជាអក្សរ BBM របស់ខ្លួនក្នុងតម្លៃ ១៩ពានលានដុល្លារអាមេរិក ប្រសិនបើមាននរណាត្រូវការ។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន CNBC លោក John Chen បានថ្លែងថា “បើសិនជានរណាម្នាក់ កាន់លុយ ១៩ពាន់លានដុល្លារអាមេរិកក្នុងដៃមកជួបខ្ញុំ នោះខ្ញុំនឹងព្រមលក់វា (BBM) ភ្លាម”។ និយាយលេងមែនលោក Chen?
វាហាក់ដូចជាថ្លៃពេលហើយសម្រាប់កម្មវិធី BBM នោះ ព្រោះថាបច្ចុប្បន្នអ្នកប្រើ BBM មានត្រឹមតែ ៨០លាននាក់ ចំណែក WhatsApp មានរហូតដល់ទៅ ៤៦៥លាននាក់ ហើយកំពុងតែកើនឡើងបន្ថែមទៀត៕

មតិយោបល់