ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនក្រុមក្មេង ៨នាក់ ពាក់ព័ន្ធករណីហិង្សា

ក្រចេះ: នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី កម្លាំងនគរបាលក្រុងក្រចេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់(ស្រី០១នាក់) មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ញ៉ឹម ពុត្ថា ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
២-ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
៣-ឈ្មោះ ឈុន រុងរឿង ហៅវី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
៤-ឈ្មោះ លូត លុច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
៥-ឈ្មោះ តាំង វ៉ាន់ឌី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
៦-ឈ្មោះ អេត សុខន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជើងពាត ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
៧-ឈ្មោះ ម៉ៃ ម៉ាឡែត ភេទប្រុស អាយុ ១៩ឆ្នាំ ។
៨-ឈ្មោះ ម៉ៃ ម៉ាឡេ ភេទប្រុស អាយុ ២១ឆ្នាំ។
អ្នកទាំងពីរមានទីលំនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពាក់ព័ន្ធករណីហិង្សាដោយចេតនា(ស្ថានទម្ងន់ទោស) និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចន្លោះម៉ោង ២០ នៅចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

អំពីរឿងហេតុ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោងជាង២០ មានក្មេងស្ទាវចំនួន១ក្រុម (ក្រុមទី១) រួមមាន៖ ១-ឈ្មោះ ចាន់ វាសនា, ២-ឈ្មោះ ញ៉ឹម ពុត្ថា , ៣-ឈ្មោះ ឈុន រុង រឿង និងបក្ខពួកចំនួន ០២នាក់ទៀត (កំពុងស្រាវជ្រាវអត្តសញ្ញាណ) បានធ្វើសកម្មភាពជិះម៉ូតូកាន់ជំពាមកៅស៊ូបាញ់ អ្នកធ្វើដំណើរតាមផ្លូវ ពេលជិះមកដល់ត្រង់ចំណុចមុខសាលាខេត្តក៏បានជួបក្មេងស្ទាវស១ក្រុមទៀត (ក្រុមទី២) រួមមាន: ១-ឈ្មោះ លូត លុច, ២-ឈ្មោះ តាំង វ៉ាន់ឌី, ៣-ឈ្មោះ អេត សុខន, ៤-ឈ្មោះ ម៉ៃ ម៉ាឡែត និង ៥-ឈ្មោះ ម៉ៃ ម៉ាឡេ ពេលនោះក្មេងស្ទាវក្រុមទី១ បានជិះម៉ូតូដេញតាមក្មេងស្ទាវក្រុមទី២ មកដល់ចំណុចបឹងហ្គាឡូ ស្រាប់តែក្មេងស្ទាវក្រុមទី១ យកជំពាមកៅស៊ូបាញ់ទៅលើក្មេងស្ទាវក្រុមទី២ ភ្លាមៗនោះដែរក្មេងស្ទាវក្រុមទី២ បានកាន់ខ្សែក្រវ៉ាត់ និងគប់ដុំថ្មទៅលើក្មេងស្ទាវក្រុមទី១វិញ និងបានជិះម៉ូតូដេញតាមវាយក្មេងស្ទាវក្រុមទី១ រហូតមកដល់ត្រង់ចំណុចទំនប់ ពេលនោះក្មេងស្ទាវក្រុមទី១ រត់ចូលក្នុងតូបលក់ឥវ៉ាន់ឲ្យគេជួយ ស្រាប់តែក្មេងស្ទាវក្រុមទី២ ចូលទៅតាមវាយក្មេងស្ទាវក្រុមទី១ បណ្តាលឲ្យរងរបួស ។

ពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង និងដកហូតបាន ម៉ូតូចំនួន០៣គ្រឿង, ទូរស័ព្ទចំនួន០៦គ្រឿង, ជំពាមកៅស៊ូចំនួន០១ និងឥដ្ឋចំនួន០២កំណាត់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី៕

មតិយោបល់