ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្ធើការព្រមានរឹបអូស ព្រមទាំងឈប់ផ្ដល់អាជ្ញាបណ្ណ ចំពោះវិទ្យុ FM ទាំងឡាយណា ដែលប្រើប្រាស់គ្រឿងបរិក្ខាមានគុណភាពអន់ និងទៅរំខានស្ថានីយិ៍វិទ្យុ FM ដទៃទៀតនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ AKP។
លោករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងទៀតថា រឿងអស់ហ្វ្រេកង់ជាបញ្ហាមួយសម្រាប់ក្រសួង ក្នុងការផ្ដល់អាជ្ញាបណ្ណ ប៉ុន្តែនៅពេលនេះ អ្វីដែលជាបញ្ហាថ្មីនោះគឺថា មានស្ថានីយវិទ្យុមួយចំនួនបានទៅរំខានដល់ស្ថានីយវិទ្យុផ្សេង ហើយកន្លែងខ្លះប្រើប្រាស់នូវគ្រឿងបរិក្ខាអន់ បើសិនជាថ្ងៃណាមួយក្រសួងស៊ើបដឹង នឹងធ្វើការរឹបអូស។
ព្រមជាមួយគ្នានោះ ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានថ្លែងឲ្យដឹងពីយុទ្ធសាស្ត្រដ៏ល្អមួយគឺថា ឥឡូវនេះក្រសួងបានផ្ដល់ភាពងាយស្រួលដល់ ស្ថានីយិ៍វិទ្យុ ទូរទស្សន៍ ឬ កាសែត ទស្សនាវដ្ដី នៅតាមខេត្តដែលចង់បន្តអាជ្ញាបណ្ណ គឺគាត់មិនចាំបាច់មកដល់ក្រសួងនោះទេ ត្រូវធ្វើនៅតាមមន្ទីរព័ត៌មាននៅខេត្តនោះតែម្ដង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយ៍វិទ្យុមានជាង ១៥០ ប៉ុស្តិ៍ ក្នុងនោះនៅរាជធានីភ្នំពេញមាន ជាង ៦០ ប៉ុស្តិ៍ចំណែកស្ថានីយ៍ទូរទស្សន៍មាន ១៣ កាណាល់៕
មតិយោបល់