កំពង់ធំ ៖ ព្យុះឈើគ្រញូង បានចរាចរលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ខេត្តកំពង់ធំ បានធ្វើឲ្យមន្ត្រី ជំនាញ ក៏ដូចជាកម្លាំងមួយចំនួន មានជីវភាពធូរធារ ខ្លះមានលុយរាប់សិបលានដុល្លា ដោយសារតែ ការទទួលបានពីឥទ្ធិពលនៃឈើគ្រញូង ។
បន្ទាប់ពីឈើគ្រញូងនៅសល់ចំហាយតិចៗ ក៏មានព្យុះថ្មីមួយទៀត មកជំនួស ដែលគេហៅថា ព្យុះធ្នង់ និងនាងនួន បានធ្វើសកម្មភាព យ៉ាងគគ្រឹកគ្រេង នៅលើកំណាត់ ផ្លូវជាតិលេខ៦ ឆ្ពោះទៅទីក្រុងភ្នំពេញ និងនាំចេញទៅប្រទេសក្រៅ ទិដ្ឋភាពការដឹកជញ្ជូនបទល្មើស ដែលត្រូវបានគេដឹង មានសមត្ថកិច្ច មួយចំនួនធំ មានការឃុបឃិតជាមួយឈ្មួញ បើកភ្លើងខៀវឲ្យឈ្មួញទិញទឹកចិត្ត និងតួនាទី ដែលជាការខុសនិងកាប្តេជ្ញាចិត្តរបស់ខ្លួន ។
តែទោះជាមានរូបភាព នៃការស៊ីសំណូក សូកប៉ាន់យ៉ាងណាក្តី ក៏នៅតែមានសកម្មភាព នៃការបង្ក្រាបបទល្មើសដែលបានដឹកជញ្ជូនព្រៃឈើ ខុសច្បាប់ ជាក់ស្តែងនៅល្ងាចម៉ោង ១៦.១៥នាទី ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៤ លោក ហ៊ុន អៀង នាយអធិការដ្ឋានរដ្ឋបាល ព្រៃឈើខាងជើង បឹងទន្លេសាប បានដាក់បទបញ្ជាឲ្យ ផ្នែករដ្ឋបាលព្រៃឈើស្ទោង សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ និងកងរាជអាវុធហត្ថកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការឯកភាព ពីលោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំបង្ក្រាបផ្ទាល់ ដោយ សេង មុនី នាយរងសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ ស្ទាក់រថយន្តប្រភេទ យីឌុប ម៉ាកហីណូ ក្បាលពណ៌ លឿង ទ្រុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9887 ដោយមានការសង្ស័យថា បានបង្កប់បទល្មើសនៅខាងក្រោមដំឡូងមី ដើម្បីសុំការត្រួតពិនិត្យ នៅចំនុចភូមិ សាលាពពេល ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្រោយពីសមត្ថកិច្ច ចម្រុះធ្វើការត្រួត ពិនិត្យក៏បានប្រទះឃើញមាន ឈើប្រភេទធ្នង់ និងនាងនួន ជាច្រើនដុំ ទើបបាននាំរថយន្តដឹកបទល្មើស ដោយគ្មានលិខិតអនុញ្ញាតិ មកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីធ្វើការវាស់វែង ។
សមត្ថកិច្ចមេព្រៃ ជាច្រើននាក់ បានសុំមិនអោយបញ្ជេញឈ្មោះ បានខ្សឹបប្រាប់ថា សមត្ថកិច្ចមេព្រៃ និងកំលាំងមួយចំនួន ពិបាកក្នុងការបង្ក្រាបបទល្មើស នៃការដឹកជញ្ជូនឈើដោយខុសច្បាប់ណាស់ ដោយសារតែពត៌មានដែលទទួលបាន ច្រើនតែបែកការណ៍ ម្យ៉ាងទៀតនៅពេលបទល្មើសមកដល់ គោលដៅបង្ក្រាប តែងតែមានក្រុមបក្សពួកឈ្មួញ ដែលមានរថយន្តជាច្រើនគ្រឿង ចាំបើករថយន្តបិទរថយន្តសមត្ថកិច្ច រារាំង មិនឲ្យសមត្ថកិច្ចធ្វើការឃាត់ រថយន្តដឹកបទល្មើសបាន ទោះជាមានការប៉ះពាល់ ខូចខាត ក៏ក្រុមឈ្មួញទាំង នេះហ៊ានប្រថុយ ចំណែកក្រុមសមត្ថកិច្ច ក៏មិនកំលាំងត្រៀមទុកមុនដូចជាក្រុមឈ្មួញដែរ តែក៏នៅតែមាន ការបង្ក្រាប បានជាញឹកញាប់ ដោយសាររថយន្ត បែកកង់ បុកដើមឈើ បុកផ្ទះប្រជាពលរដ្ឋ ដែលរថយន្តទាំងនេះមិនអាចទៅមុខរួច ចំណែករថយន្តដែលមិនបានខូចខាត ក៏ទៅដោយរលូន៕




មតិយោបល់