ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូស្កូពីមួយគ្រឿងពីនារីម្នាក់ពេលដែលកំពុងជិះធ្វើដំណើរ ប្លន់បានសំរេច ជិះម៉ូតូជនរងគ្រោះចេញពីកន្លែងកើតហេតុបានដោយសុវត្តិភាព កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ខែមិនាឆ្នាំ២០១៤ ត្រង់ចំណុចក្រោយវិទ្យាល័យព្រះយុគន្ធរ តាមបណ្ដោយផ្លូវ១០៥លូទឹកស្អុយ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-1715 បានជិះធ្វើដំណើរតាមផ្លូវ១០៥ទិសដៅពីត្បូងទៅជើង ខណៈមកដល់ក្រោយសាលាវិទ្យាល័យព្រះយុគន្ធរ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងស៊េរីទំនើប បានធ្វើសកម្មភាពយកកាំភ្លើងភ្ជង់អោយនារីខាងលើនេះឈប់ម៉ូតូបើមិនដូច្នោះគេនិងបាញ់ នាងតែម្ដង ឃើញដូចនោះនារីគ្រោះក៏ព្រមប្រគល់ម៉ូតូអោយទៅជនល្មើសខាងលើនេះតែម្ដង ហើយក្រុមចោរនេះបានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ដោយងាយស្រួល។
ពាក់ព័ន្ធនិងករណីនេះជនរងគ្រោះក៏បានអោយដឹង ដែរថា ចំពោះក្រុមចោរខាងលើនេះគាត់មិនបានមើលច្បាស់នោះទេ ហើយក៏មិនដឹងថាក្រុមចោរជិះម៉ូតូម៉ាកអ្វីដែរ គឺដឹងត្រឹមថាក្រុមចោរនោះយកកាំភ្លើងមួយដើមមកភ្ជង់គាត់ ធ្វើអោយគាត់ភិតភ័យក៏ប្រគល់ម៉ូតូគាត់អោយទៅក្រុមចោរតែម្ដងទៅ។
បន្ទាប់ពីកើតហេតុជាងកន្លះម៉ោងសមត្ថកិច្ចទើបនឹងលេចមុខចេញមកនិងបានត្រឹមតែនាំជនរងគ្រោះទៅធ្វើការសាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកេងកង២តែប៉ុណ្ណោះ៕
មតិយោបល់