ព័ត៌មានជាតិ

ត្រីបបែលងៀតមានផ្ទុកសារធាតុគីមីចំនួន ៣.៦គីឡួក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ រកឃើញ និងដកហូត

ត្បូងឃ្មុំ: យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារមេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

  • ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញត្រីបបែលងៀតមានផ្ទុកសារធាតុគីមីចំនួន ៣.៦គីឡួក្រាម។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានធ្វើកំណត់ហេតុដកហូតត្រីបបែលងៀតយកទៅដុតកម្ទេចចោលតាមនីតិវិធី ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់