ព័ត៌មានជាតិ

ចេញពី​ពន្ធនាគារ​មិនទាន់​ស្រួលបួល​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ម្ដង​ទៀត​ពី​បទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ដដែល​

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ​ឃាត់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ ហាក់​ឆាយ​ហេង បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្រុម​១ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៤​ខែ​មិនា​ឆ្នាំ​២០១៤​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ តឹប អៀ​ប ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១១៩ ផ្លូវ​៣៦៩ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ ទី​២​ឈ្មោះ ឆាយ ឃាង ហៅ​ឆាយ​វិសិទ្ធ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច​បាន​អោយដឹង​បន្តទៀតថា នៅវេលា​ម៉ោង​កើតហេតុ​ប៉ុស្ដិ៍នគរបាល​ផ្សារ​ដើមថ្កូវ បានទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​ម្ចាស់​ផ្ទះសំណាក់​បាន​រាយការណ៍​ថា ក្នុង​បន្ទប់​ផ្ទះសំណាក់​លេខ​៣០៣ មាន​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​បន្ទប់ ក្រោយពី​ទទួល​ព័ត៌មាន​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ​សហការ​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់ បាន​ចុះ​ត្រួតពិនិត្យ​បន្ទប់​ខាងលើ​និង​រកឃើញ​វត្ថុតាង​មួយ​ចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ​ក្រាម​ថ្លា​ចំនួន​២​កញ្ចប់​ធំ​និង​៨​កញ្ចប់​តូច កូន​ថង់​ប្លា​ស្ទិច​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន ទុយោ​សំរាប់​ប្រើប្រាស់​ចំនួន​១ ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​១​កំ​ផ្លេ ដែកកេះ​ចំនួន​១ ទូរស័ព្ទ​ចិន​១​គ្រឿង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក លុយ​ដុល្លារ​៤០​ដុល្លារ លុយ​ខ្មែរ​ចំនួន​៥០០​រៀល ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ មាន​ស្លាក​លេខ កណ្ដាល 1E-5106 ។​សមត្ថកិច្ច​បញ្ជាក់​ថា​ជ​ន​សង្ស័យ​ទាំង​២​នាក់​ខាង​នេះ​ទើបតែ​ចេញពី​ពន្ធនាគារ​មិនទាន់បាន​១​ខែ​នោះ​ទេ​។​
​ក្រោយពេល​ធ្វើ​ការត្រួតពិនិត្យ​រកឃើញ​វត្ថុតាង​ខាងលើ​សមត្ថកិច្ច​ចំរុះ​បាន​ធ្វើ​ការដកហូត​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​មក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដើមថ្កូវ​ដើម្បី​សាកសួរ​និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕

2014-03-25_111726

2014-03-25_111702

មតិយោបល់