ភ្នំពេញ: ប្រជាពលរដ្ឋ១ភូមិនិងព្រះសង្ឃនៅក្នុងវត្តសំរោងក្អែរ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននាំគ្នាជិះឡានឈ្នួលចំនួន៧គ្រឿង មករងចាំស្តាប់ការកាត់ក្តីនៅតុលាការកំពូលរឿងបុគ្គលចំនួន៦នាក់ យកដីវត្តលក់ទៅឲ្យក្រុមហ៊ុនហើយប្តឹងទាមទារយកឈ្នះ ទោះជាមានការសម្របសម្រួលពីមន្ត្រីអាជ្ញធរប្រគល់ប្រាក់មួយចំនួនជាថ្នូរក៏ដោយនៅតែមិនព្រម ទើបប្រជាពលរដ្ឋចំនួនជិត១៥០នាក់មកអង្គុយរងចាំនៅខាងមុខតុលាការកំពូលនិងមហាអយ្យការនៅព្រឹកម៉ោង៧:៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានប្រាប់ថា រឿងបុគ្គលចំនួន៦នាក់ដែលជាអតីតសេនាជនរស់នៅតាំងឆ្នាំ១៩៧៩មកម្ល៉េះ ហើយដីវត្តខាងលើនេះមានចំនួនជាង៤ហិកតាតាំងពីដូនតាមកដែរនិងជាផ្លូវដើរឆ្លងកាត់របស់អ្នកភូមិនិងជាកន្លែងកំពង់ដរឆ្លងកាត់ភូមផ្សេងៗរបស់ខេត្តព្រៃវែងផងដែរ។
មុនដំបូងសេនាជនដែលយកដីរដ្ឋលក់ទៅឲ្យក្រុមហ៊ុនមានចំនួន១៥នាក់ តែក្នុងនោះ៩នាក់មិនបានចូលរួមឡើយ ដោយព្រមប្រគេនទៅគណៈកម្មការវត្តទុកជាប្រយោជន៍ប្រជាពលរដ្ឋដែលមានព្រះតេជគុណព្រះនាម យ៉ាន់ វណ្ណធឿន ព្រះជន៤៦ព្រះវស្សា ជាព្រះចៅអធិកាតវត្តសំរោងក្អែរ ជាអ្នកតស៊ូជាមួយបុគ្គលទាំង៦នាក់ប្តឹងទាមទារដីវត្តយកទៅលក់ឲ្យក្រុមហ៊ុនឯកជននោះ។
ទាក់ទងទៅនិងការប្តឹងរបស់បុគ្គលទាំង៦នាក់នេះបានកើតឡើងអស់រយៈពេលជិត១០ឆ្នាំមកហើយតាំងពីឃុំស្រុកខេត្តបានសម្របសម្រួលមិនត្រូវគ្នាដោយដឹងថា ពួកគាត់ជាអតីតសេនាជនខិតខំបំរើរក្សាសន្តិសុខជនអ្នកភូមិរហូតដល់ពេលឈប់ពីការងារដូច្នេះហើយក៏ជូនប្រាក់ជាដើមទុន ដើម្បីប្រកបរបររកស៊ីទទួលទានជាថ្នូរនៃការឈប់លក់ដីវត្តតែមិនបានលទ្ធិផលរហូតមកថ្ងៃនេះ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា ក្រុមហ៊ុនបានទិញនៅក្នុងភូមិសំរោងក្អែរនោះឲ្យតំលៃក្នុង១ម៉ែត្រការ៉េ១៣ដុល្លារអាមេរិកតែចំពោះដីវត្តមិនដឹងថ្លៃប៉ុន្មានទេ?
ចំណែកលោក ង៉ោ សុវណ្ណ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្របសម្រួលជាមួយអ្នកភូមិនិងភាគីបុគ្គលទាំង៦នាក់នោះផងដែរតែមិនចុះសម្រុងគ្នានៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះហើយក៏ជួយសម្រួលថ្លៃធ្វើដំណើររបស់អ្នកភូមិនិងព្រះសង្ឃផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋដែររងចាំលទ្ធផលដោយក្តីសង្ឃឹមថាបានយុត្តធម៌បាននិយាយថាដីវត្តជាកម្មសិទ្ធរបស់វត្តរបស់អ្នកភូមិរបស់រដ្ឋរបស់ក្រសួងធម៌ការសាសនាគ្មានបុគ្គលណាអាចយកទៅលក់ដូរបានឡើយហើយបានបន្ថែមថាសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋដែលមានបាវចនា(ជាតិ សាសនា ព្រះមហាក្សត្រ)និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋខិតខំអស់ទាំងកម្លាំងកាយចិត្តដើម្បីរក្សាស្ថេរភាពនយោបាយសន្តិសុខនិងសេចក្តីសុខជូនប្រជាពលរដ្ឋទូរទាំងប្រទេសផងដែរ៕
មតិយោបល់