អាល្លឺម៉ង់៖កីឡាករ Toni Kroos របស់ Bayern Munich ត្រូវបានអ្នកគ្រប់គ្រង និងជាអ្នកចាត់ការទូទៅលោក Pep Guardiola និង មេធំ Karl-Heinz Rummenigge បានអះអាងថា អនាគតរបស់គាត់គឺនៅបន្តលេងឲ្យក្លិប ដោយគ្មានការផ្លាស់ប្តូរទៅណានោះទេ។
ខ្សែបម្រើវ័យ ២៤ ឆ្នាំ នឹងផុតកុងត្រាជាមួយនឹងក្លិប នៅរដូវកាលបន្ទាប់នេះ ហើយក៏កំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់ បិសាចក្រហមផងដែរ។
ក៏ប៉ុន្តែ Kroos នឹងក្លាយទៅជា សមាជិកដ៏សំខាន់ លេងជាមួយនឹង Bayern Munich នារាត្រីនេះ ខណៈក្លិបខ្លួន ត្រូវធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេស ដើម្បីប្រកួត ជាមួយនឹងបិសាចក្រហម ក្នុងក្របខណ្ឌ Champions League នាវគ្គ ៨ ក្រុមចុងក្រោយ។
មេធំរបស់ក្លិប Bayern Munich លោក Rummenigge បានប្រាប់ដល់សារព័ត៌មាន មុននឹងហោះហើរទៅកាន់ទឹកដីអង់គ្លេស កាលពីថ្ងៃចន្ទ ថា Toni Kroos ជាក់ណាស់នៅតែពាក់អាវ Bayern Munich ។ លោក Pep Guardiola បានបន្ទរពាក្យថា កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងបន្ត និងពន្យាពេលឲ្យស្នាក់នៅ នារដូវកាលក្រោយ។
Pep Guardiola បានបន្តទៀតថា “ខ្ញុំសង្ឈឹមថា គាត់នឹងពង្រីកកុងត្រាជាមួយនឹងក្លិប ព្រោះថាគាត់ជាអ្នកលេងដ៏ល្អមួយរូប ហើយស្រលាញ់ការប្រកួតខ្លាំងណាស់ និងក៏ចង់ឲ្យគាត់លេងបន្តជាមួយនឹងក្លិបផងដែរ” ៕
មតិយោបល់