ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​កែង​បែក​ជា​៤​បុកគ្នា​រង​ការខូចខាត​ទាំងសងខាង​

​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​លេខ​១៩​កែង​ផ្លូវ​១០៦ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កំពង់ចាម 2A-1507 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៦ ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈនោះ​ក៏​មាន​រថយន្ត​មួយគ្រឿង​ម៉ាក តូយ៉ូតា កាមរី (​ឆ្លាម​) ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-4010 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូចគ្នា ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវកែង រថយន្ត​កាមរី (​ឆ្លាម​) ក៏​បុក​ចំ​ពី​ក្បាល​រថយន្ត​កូរ៉ូឡា ពី​ជំ​ហៀ​ង​ផ្នែក​ខាងឆ្វេង​ចំ​ពេញទំហឹង បណ្ដាលអោយ​រថយន្ត​កូរ៉ូឡា​រង​ការខូចខាត​ផ្នែក​ខាង​មុខ​និង​បែក​កង់​ខាងមុខ ផ្នែក​ខាងឆ្វេង​ទៅមុខ​លែងរួច ចំណែក​រថយន្ត​កាមរី​ក៏​ជ្រុល​ចង្កូត​បុក​ឡើង​ខឿន​ផ្លូវ និង​ផ្ទុះ​ពោង​សុ​វត្តិភាព​ទាំង​២ រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងតំណំ សំណាង​ដែល​គ្រោះ​នេះ​ពុំមាន​មនុស្ស​រងរបួស​ធ្ងន់​គ្រាន់តែ​របួស​បន្តិចបន្តួច​។ បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​២​បានប្រកែក​យក​ត្រូវ​រៀងៗ​ខ្លួន ហើយ​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំ​គោលដៅ​ក្បែរ​នោះ​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។ ក្រោយពេល​កើតហេតុ​ភាគី​ទាំង​២​ដោះស្រាយ​គ្នា​មិនត្រូវ ទើប​សមត្ថកិច្ច​សំរេច​ចិត្ត​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ដើម្បី​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-04-02_085828

2014-04-02_085811

មតិយោបល់