ព័ត៌មានជាតិ

រថយន្ត​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រសី​ហនុ​ដឹក​អ្នកជំងឺ​បុក​ម៉ូតូ​ផូសា​ពេញទំហឹង​បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ រថយន្ត​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ បើក​ក្នុង​ល្បឿន​បាន​បុក​ចំ​ម៉ូតូ​ធុន​ធំ​ម៉ាក ផូសា ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន បណ្ដាល​អោយ​យុវជន​ម្នាក់​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​៩០​កែង​ផ្លូវ​លេខ​៦១ ស្ថិតនៅ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​សង្គ្រោះបន្ទាន់​មួយ​គ្រឿង​របស់​មន្ទី​ពេទ្យ​បង្អែក ខេត្ត​ព្រះសីហនុ ម៉ាក​មី​ស៊ុយ​ប៊ីស៊ី ប៉ា​សេ​រ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​12 2-0461 បើក​ដឹក​អ្នកជំងឺ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​៩០​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈនោះ​ក៏​មាន​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង ម៉ាក ផូសា ពណ៌​ក្រហម អត់​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​ផ្លូវ​លេខ​៦១ ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវកែង រថយន្ត​បាន​បុក​ម៉ូតូ​ពេញទំហឹង ផ្លោង​ទាំង​ម៉ូតូ​និង​មនុស្ស​បោក​ទៅ​និង​ថ្នល់ បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​របួសធ្ងន់ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងតំណំ​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។​
​ក្រោយពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-04-02_090309

2014-04-02_0902432014-04-02_090222

មតិយោបល់