ព័ត៌មានជាតិ

មង​បង្ក្រាប ឬ ហៅ​មង​៣​ជាន់ ជា​ប្រភេទ​ឧបករណ៏​នេសាទ​ថ្មី​ដែល​កំពុង​កើតមាន​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង​៖ ជុំវិញ​ការបង្កើត​អោយ​មាន​ការ​នេសាទ មង​បង្ក្រាប ឬ​ហៅ​ថា​មង​៣​ជាន់​តាម​ការស្នើរ​សុំ​របស់​ខណ្ឌ័​រដ្ឋបាល​ជលផល កំពង់ឆ្នាំង ដែល​ហេតុផល​ថា​សិក្សា​ស្រាវជ្រាវ​និង​ដោយ​មាន​ការឯកភាព​ពី​ប្រធាន​រដ្ឋបាល​ជលផល​ដែរនោះ ស្រាប់តែ​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក៏​បាន​អោយ​ផ្អាក​ទៅវិញ ត្រូវបាន​ក្រុម​អ្នក​ដែល​ចុះ​ឈ្មោះ​ធ្វើ​នេសាទ​ទាំងនោះ​មាន​ការខកចិត្ត ព្រោះ​ពួកគាត់​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដើម្បី​បាន​ក្លាយ​ជា​សមាជិក​ក្រុម​នេសាទ​នេះ ។​

​ ​មន្ត្រី​អង្គការ​អភិរក្ស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​អំពី​គុណវិបត្តិ​របស់​មង​បង្ក្រាប​នេះ​អោយដឹងថា​៖​មង​បង្ក្រាប​ឬ​មង​៣​ជាន់​នេះ​មង​នេះ​ខុស​ពី​មង​ពាក់​ឬ​មង​បណ្តែត​ដែល​គេ​ពាក់​ឬ​បណ្តែត​លើទឹក ។ ហើយ​មង​នេះ​ផងដែរ​គឺ​មាន​ក្រឡា​ញឹក ក្រឡា​ល្មម និង​ក្រឡា​ធំ គឺ​គេ​ដាក់​ជាប់​ជាមួយ​គ្នា ដោយ​គេ​ដាក់​លាត​សន្ឋឹង​នៅ​បាតទន្លេរ តាម​កន្លែង​ដែល​មាន​ទឹក​ជ្រៅ និង​មាន​សម្រាស​នៅ​បាតទន្លេ បន្ទាប់មក​គេ​ប្រើ​ម៉ាស៊ីន​ខ្យល់ ដោយ​មាន​អ្នក​មុជទឹក​ចុះទៅ​បាទទន្លេ​ហើយ​បាញ់​ខ្យល់​នោះ​ដេញ​ត្រី​នៅ​បាទទន្លេ​អោយ ចេញពី​កន្លែង​លាក់​ខ្លួន​របស់​ត្រី​មក​ក្រៅ​គឺ​ជាប់​មង​របស់គេ​តែម្តង​តាម​ប្រភេទ​ត្រី​តូច​ធំ​ជាប់​តាម​ក្រឡាមង​។ មង​នេះ​មាន​ទទឹង​៤​ទៅ​៥​ម៉ែត្រ​និង​បណ្តោយ​ពី​៥០​ម៉ែត្រ​ឡើងទៅ​១០០​ម៉ែត្រ ។​ហើយ អ្នកជំនាញ​ជលផល ក៏​បាន​អោយដឹង​ដែរថាៈ មង​ប្រភេទ​នេះ​បំផ្លាញ​ត្រី​ខ្លាំងណាស់ និង​បំផ្លាញ​ទាំង​បរិដ្ឋាន​និង​ជីវចំរុះ ក្នុង​ទឹក ទៀតផង ។​

​មង​បង្ក្រាប​នេះ​ដោយ​មាន​ការឯកភាព​ពី​ប្រធាន​រដ្ឋបាល​ជលផល បាន​អោយ​មាន​ការសិក្សា​ស្រាវជ្រាវ តាម​ការស្នើសុំ​របស់​ខណ្ឌ័​រដ្ឋបាល​ជលផល និង​ប្រជា​នេសាទ មាន​ប្រជាពលរដ្ឋ​ជា​អ្នក​នេសាទ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​សមាជិក​ចំនួន​២៤​ក្រុម ដោយ​ចាប់ពី​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៏ដ​ល់​ស្រុក កំពង់ត្រឡាច ជាប់​ព្រុំប្រទល់​ខេត្ត​កណ្តាល ។ អ្នក​ដែល​មានឈ្មោះ​ជា​សមាជិក ត្រូវបាន​រៀបចំ​អោយមាន​ឯកសណ្ឋាន និង​មាន​ទង់​ដោត​លើ​ក្បាលទូក​សម្រាប់​ជា​សំគាល់ថា​មាន​ច្បាប់​ត្រឹមត្រូវ ។​

​លោក លន់ សុខា នៅ​ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច ដែល​រង​នូវ​ការចោទប្រកាន់​ពី​ប្រជា​នេសាទ​ថា​ជា​អ្នករត់​ការប្រមូលប្រាក់ ពី​ទូក​នេសាទ​នោះ លោក​បាន​អោយ​អ្នក​យក​ព័ត៏មាន​យើង​ដឹង​ថា​៖​លោក​ធ្លាប់បាន​ប្រមូលប្រាក់​ពី​ទូក​នេសាទ​ចំនួន​៤​ដើម្បី​យក​មក​ចំណាយ​ទៅលើ​ការស្រាវជ្រាវ ប៉ុន្តែ​នៅពេល ដែល​មាន​ការផ្អាក​សកម្មភាព​ទៅ​វិញ​លោកក៏​បាន​យក​ប្រាក់ ទាំងអស់នោះ​ទៅ​ប្រគល់​ជូន​ម្ចាស់​គេ​វិញ​គ្រប់ ចំនួន​អស់ហើយ​។​

​ ​ពាក់​ព​ន្ឋ័​និង​បញ្ហា​នេះ លោក សោម ភិរុណ នាយរង​ខណ្ឌ័​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថាៈ ជា​គោល​ល​ការ​របស់​ខណ្ឌ័​រដ្ឋបាល​ជលផល​គឺ​បង្កើត​អោយ​មាន​ការស្រាវជ្រាវ​និង​មែនហើយ​គឺ​ចំនួន​២៤​ក្រុម ពី​ស្រុក​បរិបូណ៏ដ​ល់​ស្រុក​កំពង់ត្រឡាច ប៉ុន្តែ​ទើប​ធ្វើបាន​១៧​ក្រុម និង​ដំណើរការ​បាន​២​ថ្ងៃ​ក៏​ស្រាប់តែ​អោយ​ផ្អាក​ទៅវិញ ចំណែក​រឿង​ប្រមូល​លុយកាក់​គឺ​គាត់​មិន​បានដឹង​នោះទេ​៕​ ​

2014-04-03_095525

មតិយោបល់