ភ្នំពេញ៖កម្មករអេតចាយម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអណោចអធ័ម ដោយសារការឆ្លងចរន្តអគ្គិសនី នៅក្នុងរោងសិប្បកម្មកែច្នៃកាកសំណល់ជ័រអេតចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ ។
ព័ត៌មានពីកន្លែងកើតហេតុប្រាប់ថាឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានដើរចូលទៅធ្វើការដូចសព្វមួយដងព្រោះរូបគេមានតួនាទីជាអ្នកទទួលកាន់ផ្នែកម៉ាស៊ីនរំលាយជ័រ តែមិនដឹងថាយ៉ាងម៉េចកាលពីព្រឹកកើតហេតុនេះទំនងជាជនរងគ្រោះរអិលជើងផុងធ្លាក់ប៉ះម៉ាស៊ីនរំលាយជ័រអេតចាយនោះ ក៏ឆក់ដួលប្រកាច់តែម្តង ។
ប្រភពដដែលប្រាប់បន្តថា ភ្លាមៗនោះពួកគាត់ ក៏រត់ចូលទៅជួយហើយដឹកតាមម៉ូតូចេញទៅសង្គ្រោះនៅមណ្ឌលសុខភាពចំការដូងប៉ុន្តែក្រុមគ្រូពេទ្យប្រចាំការនៅទីនោះអត់ចេញមក ជួយពិនិត្យ មើលនោះទេក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជនរងគ្រោះក៏បានដាច់ ខ្យល់ស្លាប់យ៉ាង អណោចអធ័ម។
ជាមួយករណីដែលបណ្តាលឲ្យកម្មករស្លាប់ម្នាក់នេះត្រូវបានប្រភពព័ត៌មានខាង លើប្រាប់ថា គឺបណ្តាលមកពីថៅកែអេតចាយមានការធ្វេសប្រហេស មិនចេះត្រួតពិនិត្យឧបករណ៍មុនពេលកម្មករបំពេញភារកិច្ច ទើបបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ កម្មករបែបនេះ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោបានបង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាប ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកចាម ឃុំព្រលឹចប្រាសាទ ស្រុកពាមរហ៏ ខេត្តព្រៃវែង ។ ចំណែកម្ចាស់ទីតាំងមានឈ្មោះ គង់ ចាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ។
ប្រភពដដែលប្រាប់បន្តថា ក្រោយកើតហេតុថៅកែអេតចាយឈ្មោះ គង់ ចាន់ នេះបានឲ្យមេការជួយជម្លៀសសពចេញពីទីតាំងរបស់ខ្លួនយកទៅចោលនៅសាលតម្កល់សពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្នុងគោលបំណងគេចវ៉េសមិនទទួលខុសត្រូវចំពោះមុខច្បាប់ ហើយម្យ៉ាងវិញថៅកែអេតចាយនេះ ក៏មិនបានរាយការណ៏ដល់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងទេ។ ប៉ុន្តែក្រោយពីបែកធ្លាយព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិទើបសមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ច កោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីពេទ្យតុលាការចុះពិនិត្យសព ទើបវាយតម្លៃថា ជនរងគ្រោះបានស្លាប់ ដោយការឆក់ចរន្តអគ្គិសនីដែលឆ្លងចេញពីម៉ាស៊ីនរំលាយជ័រអេតចាយនោះ ដោយឆក់ជនរងគ្រោះឡើងរលួយជើងឆ្វេងធ្ងន់ធ្ងរ គឺមិនអាចជួយសង្គ្រោះបានឡើយ។
បន្ទាប់មកទើបសមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុដោយសង្កេតឃើញថា ថៅកែអេតចាយពិតជាគ្មានការទទួលខុសត្រូវឡើយ គឺឆ្វេសប្រហេសក្នុងត្រួតពិនិត្យម៉ាស៊ីនរំលាយកាកសំណល់ជ័រមុនពេលកម្មករចូលធ្វើការ ទើបបណ្តាលឲ្យឆក់កម្មករស្លាប់បែបនេះមិនត្រឹមតែប៉ុណ្ណោះទីតាំងអេតចាយខាងលើនេះគ្មាន ច្បាប់អនុញ្ញាត អាជីវកម្មឡើយ។
ដោយឡែកលោក ឈឹម ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោទទួលបន្ទកព្រហ្មទណ្ឌ ក៏បានបញ្ជាក់ឲ្យដឹងដែរថាថៅកែអេតចាយនេះកំពុងស្ថិតក្រោមការសាកសួរបន្ថែមពាក់ព័ន្ធ នឹងករណីខាងលើនេះតាមការបញ្ជាពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ពីព្រោះ ទីតាំងអេតចាយខាងលើនេះមានសុពលភាពអាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួនត្រឹមឆ្នាំ២០១៣ប៉ុណ្ណោះ ហេតុដូច្នេះទាល់តែរង់ចាំការសម្រេចពីថ្នាក់លើសិនថា តើត្រូវធ្វើយ៉ាងម៉េចទៀត៕
មតិយោបល់