ភ្នំពេញ៖ ចោរប្លន់មួយក្រុមមានគ្នាប្រមាណជា៤នាក់ធ្វើបានសកម្មភាពវាយប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់បានដោយសុវត្ថភាពហើយគេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង ១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៩ មិនា ឆ្នាំ២០១៤នៅចំណុចទល់មុខសាលាបឋម សិក្សាភូមិចំរើនផល ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
យោងតាមសម្តីរបស់ស្ត្រីរងគ្រោះលើមានឈ្មោះ យ៉ូ ចាន់លក្ខណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ ជាអ្នកអ៊ុតសក់ និងជាអ្នកបម្រើការ ក្នុងហាង ម្តុំកោះពេជ្រ និងទីលំនៅបច្ចុប្បន្នជិតកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរូបខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ទ 3878 ភព១ត្រឡប់មកពីធ្វើការវិញដោយជិះធ្វើដំណើរតាំងពីកោះពេជ្ររហូតមកដល់ផ្សារសុវណ្ណាក៏ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកបានជិះតាមពីក្រោយនារីរងគ្រោះតាំងពីចំណុចមុខផ្សារសុវណ្ណារហូតមកដល់ចំណុចកើតហេតុខាងលើស្រាប់ជនសង្ស័យពីរនាក់ក្នុងចំណោមពួកគេទាំងបួននាក់នោះបានធាក់ម៉ូតូស្ត្រីឈ្មោះយ៉ូចាន់លក្ខណាឲ្យដួលហើយពីរនាក់ផ្សេងទៀតក៏ធ្វើសកម្មភាពវាយប្លន់យកកាបូបពីរស្ត្រីរងគ្រោះតែម្តងបន្ទាប់ពីវាយប្លន់រួចហើយជនសង្ស័យបានគំរាមស្ត្រីរងគ្រោះថាកុំឲ្យស្រែកបើស្រែខ្លួននិងបាញ់ចោលហើយជនសង្ស័យទាំងបួននាក់ក៏ជិះម៉ូតូចេញទៅបាត់ស្រមោលភ្លាមៗតែម្តង។
ស្ត្រីរងគ្រោះខាងលើបានឲ្យដឹងទៀតថា កាបូបរបស់គាត់គឺមានលុយចំនួន២ដុល្លារប៉ាស្ព័រនិងទូរស័ព្ទដៃចំនួនពីរគ្រឿងដែលត្រូវក្រុមចោរប្លន់យកទៅនោះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនិងនាំស្ត្រីរងគ្រោះខាងលើនេះទៅដាក់ពាក្យបណ្តឹង តែដោយក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ ខ្ជិលរំខានដល់សមត្ថកិច្ចក៏នាំស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះវិញហើយរងចាំព្រឹកស្អែកចាំមកធ្វើការដាក់ពាក្យបណ្តឹងដើម្បីងាយស្រួលក្នុងកាស្រាវជ្រាវផងដែរ ៕
មតិយោបល់