ជនជាតិចិន ៥នាក់ និងឆ្មាំការពារព្រំដែនវៀតណាម ២នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារមួយនៅក្នុងខេត្ត Quang Nihn ភាគខាងជើងនៃប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុក ចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញ។
ជនជាតិចិនដែលបានស្លាប់នោះគឺស្ថិតនៅក្នុងក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ដែលព្យាយាមឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។
ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង ក្រោយពេលដែលអាជ្ញាធរវៀតណាមចាប់ខ្លួនជនជាតិចិនដែលឆ្លងដែនខុសច្បាប់ទាំងនោះទៅឃុំ និងបានរៀបចំឯកសារ ស្រាប់តែឱកាសល្អ ពួកគេបានឆកយកកាំំភ្លើងពីអាជ្ញាធរវៀតណាម រួចក៏កើតមានការបាញ់ប្រហារតែម្ដង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោង ៣និង១៥នាទី ម៉ោងក្នុងតំបន់ ដែលបណ្ដាលឲ្យមនុស្ស ៧នាក់បានស្លាប់ ក្នុងនោះមានជនជាតិចិន ៥នាក់ និងឆ្មាំព្រំដែនវៀតណាម ២នាក់។
ក្រសួងការបរទេសចិន បានថ្លែងឲ្យដឹងថា ខ្លួនកំពុងតែប្រមូលឯកសារដែលពាក់ព័ន្ធ និងកំពុងតែរៀបចំនិតិវិធី ដើម្បីដោះស្រាបបញ្ហាដែលបានកើតមាននេះ៕
មតិយោបល់