ភ្នំពេញ៖ លោក លន់ ភុន កើតទុក្ខ មិនសុខចិត្ត បានដាក់នូវពាក្យបណ្តឹង ប្តឹងលោក ឃ្លាំង ហួត អភិបាល នៃគណៈ អភិបាលខណ្ឌ ឫស្សីកែវ និងភរិយា អ្នកស្រី អ៊ួង សុផល្លា ប្រធាន សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឈ ខណ្ឌឫស្សី កែវ ពីបទឆបោកប្រាក់ ចំនួន ៣០ម៉ឺន ដុល្លារកាលពីឆ្នាំ២០០៦ តាមរយៈ ការចុះហត្ថលេខា ទិញលក់ដី ទៅឲ្យ ដើមបណ្តឹង តែធាតុពិត ដីនោះ គឺជាកម្មសិទ្ធ របស់រដ្ឋ។
បច្ចុប្បន្នបណ្តឹងនេះ កំពុងស្ថិតក្នុងចំណាត់ការ របស់លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។យោងតាមពាក្យបណ្តឹង របស់លោក លន់ ភុន ភេទ ប្រុស បានរៀបរាប់ថា គាត់បានទិញដីពីអ្នកស្រី អ៊ួង សុផល្លា ដែល មានទីតាំងស្ថិតនៅក្រោយវត្តសំរោងអណ្តែងក្នុងតម្លៃ ៣០ម៉ឺនដុល្លារ ដោយ អះអាងថា ដីនេះ ជាដីឯកជន មិនមែនជាដី សាធារណៈទេ។
រាល់លិខិតស្នាមនានា ត្រូវបានលោក ឃ្លាំង ហួត ជាអ្នកចុះហត្ថលេខា ទទួលស្គាល់។ ប៉ុន្តែនៅទីបំផុត ដីនេះ ត្រូវបាន រដ្ឋរឹបអូស ធ្វើជាទ្រព្យសម្បត្តិសាធារណៈ ហើយគាត់ត្រូវបាន ខាត់បង់ប្រាក់ ចំនួន ៣០ម៉ឺនដុល្លារ ទើបដាក់ ពាក្យបណ្តឹង ប្តឹង លោក ឃ្លាំង ហួត និងភរិយាតែម្តង។ពាក់ព័ន្ធការចោទប្រកាន់នេះ លោក ឃ្លាំង ហួត បានបញ្ជាក់ កាលពីថ្ងៃទី០៧
ខែឧសភា ឆ្នាំ២០១៤ យ៉ាងខ្លី ថា លោកពុំទាន់បានដឹង អំពីការប្តឹងនេះ នៅឡើយទេ ហើយលោក ក៏មិនបាន ធ្វើការអត្ថាធិប្បាយណាមួយនោះដែរ ដោយប្រាប់ ទៅឲ្យទាក់ទងមេធាវី របស់លោកវិញ។ ប៉ុន្តែទោះបីយ៉ាងណា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ តុលាការ មានគម្រោងធ្វើការសាកសួរទៅលើលោក ឃ្លាំង ហួត និងភរិយា តែត្រូវបានអាក់ខានទៅវិញ ដោយសារតែមេធាវី បានដាក់ពាក្យសុំពន្យាពេលសាកសួរទៅថ្ងៃក្រោយ៕
មតិយោបល់