សហរដ្ឋអាមេរិក បានប្រកាសលុបចោលការធ្វើសមយុទ្ធយោធាជាមួយថៃ និងគម្រោងទស្សនកិច្ចយោធាមួយចំនួន ក្រោយពេលដែលយោធាថៃប្រកាសធ្វើរដ្ឋប្រហារ ប៉ះពាល់ដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយ Channel News Asia នៅថ្ងៃអាទិត្យ។
យោធាថៃបានប្រកាសថា ការធ្វើរដ្ឋប្រហារនេះគឺដើម្បីក្តោបក្តាប់អំណាចក្នុងគោលបំណងកែប្រែស្ថានភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេស ក្រោយពេលមានចលាចលផ្នែកនយោបាយជាង៦ខែ បណ្តាលឲ្យមានអ្នកស្លាប់ជិត ៣០នាក់កន្លងមកនេះ។ ករណីរដ្ឋប្រហារនេះ នាំឲ្យមានរិះគន់ពីសហគមន៍អន្តរជាតិថា ធ្វើឲ្យធ្លាក់ចុះនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍។
ទីបញ្ជាទ័ពរបស់អាមេរិកនៅថ្ងៃអាទិត្យនេះ បានលើកឡើងថា ការទំនាក់ទំនងជាមួយយោធាថៃក្នុងរយៈការវែងឆ្ងាយកន្លងមក គឺអាមេរិកផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់របស់អាមេរិក។ សេចក្តីរាយការណ៍បន្តថា ក្រោយពេលធ្វើរដ្ឋប្រហារនេះ អាមេរិកត្រូវពិចារណាពីការជួយ និងទំនាក់ទំនងបន្តជាមួយយោធាថៃទៀត។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកប្រកាសព្យួរជំនួយយោធាថៃ ជាង៣លានដុល្លារអាមេរិក ជាការដាក់ទណ្ឌកម្មជំហានដំបូងចំពោះយោធាប្រទេសនេះធ្វើរដ្ឋប្រហារ ដែលធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ៕
មតិយោបល់