ភ្នំពេញៈ ជនជាតិវៀតណាមម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តីម្នាក់ ហើយព្យាយាមភ្លាត់ស្នៀតជិះម៉ូតូប៉ះម៉ូតូកង់បី បណ្តាលឲ្យដួលប្រកាច់ប្រកិន ត្រូវឃាត់ខ្លួនម្នាក់ភ្លាមៗ ព្រមទាំងដកហូតថ្នាំញៀន២កញ្ចប់ផងដែរ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅខាងមុខតុលាការកំពូល តាមផ្លូវលេខ២៤០ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ ចាន់ ពន្លក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៧១អឺ៤ ផ្លូវលេខ៩៣ ភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រីបក្ខពួកដែលរត់គេចខ្លួនឈ្មោះ ដាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ចាន់ដាវី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះរ៉ឺម៉កកង់បីមួយគ្រឿងក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-8305 មកពីក្រោយធ្វើ សកម្មភាពឆក់យកខ្សែកពីស្ត្រីរងគ្រោះបានសម្រេច ហើយពួកគេព្យាយាមបើកម៉ូតូរត់គេចខ្លួន ក៏ជ្រុលទៅបុករឺម៉ក់កង់បីមួយគ្រឿងទៀតបណ្ដាលឲ្យដួលម៉ូតូ ហើយប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រាំខ្លួន ស្របពេលនោះកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ជ័យជំនះមកដល់ឃាត់ខ្លួនអ្នកបើកបរម៉ូតូម្នាក់ ចំណែកឯជនសង្ស័យជាបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន៖ ខ្សែកផ្លាកទីន១ខ្សែតម្លៃ៥០០ដុល្លារ ម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-8305 ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់