សៀមរាប : ជនសង្ស័យភេទប្រុសម្នាក់នេះមានឈ្មោះ ចក់ វណ្ណះ អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅជាមួយមិត្តភ័ក្ត្រក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ។ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបចាប់ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីឆបោក ។
លោកអនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាបទទួលបន្ទុកព្រហ្មទ័ណ្ឌបានឲ្យអ្នកយកព័ត៍មានយើងដឹងថាដោយទទួលបានការណែនាំឲ្យដឹកនាំកម្លាំងក្នុងអង្គភាពចុះប្រតិបត្តិការណ៍ធ្វើការតាមដានស្រាវ ជ្រាវនិងឈានដល់ការបង្ក្រាបបានចំពោះជនសង្ស័យម្នាក់នេះពីសំណាក់លោកវរសេនីយ៍ទោ ទិត្យ ណារ៉ុង អធិការនគរបាល ក្រុង
សៀមរាប និង អនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏ដូចជា ដើម្បីធ្វើឲ្យការ អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពថ្វេរដងផងនោះ ។
ទើបជាក់ស្តែងជនសង្ស័យនេះបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះជា ប្រធានភ្នាក់ងារឥនទាន ធនាគារ អេស៊ីលីដា សាខាខេត្តកំពង់ធំ ថាមានជនសង្ស័យម្នាក់រស់នៅក្នុងក្រុងសៀមរាបនេះបានទូរស័ព្ទមកប្រាប់ជនរងគ្រោះកាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៤នេះថាជនរងគ្រោះបានឈ្នះរង្វាន់ចំនួន១ម៉ឺនដុល្លាសហរដ្ឋអាមេរិកពីក្រុមហ៊ុន cellcard ដោយជនសង្ស័យបាននិយាយទូរស័ព្ទបន្តជាមួយនិងជនរងគ្រោះដោយតំរូវឲ្យជនរងដាក់លុយចំនួន៣០ដុល្លាតាមរយះវីងជាមុនសិនដើម្បីគេយកទៅរត់ការ ។
លោកអនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ បានបន្តឲ្យដឹងទៀតថា នៅពេលដែលជនរងគ្រោះបានលឺដូចច្នេះជនរងគ្រោះក៏មានការសង្ស័យនិងបាននិយាយទៅកាន់ជនសង្ស័យនេះថាគាត់និងដាក់លុយតាមធនាគារ អេស៊ីលីដា សាខាខេត្តសៀមរាបនៅត្រង់ចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាបវិញ ។
លុះដល់ព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៤ជនសង្ស័យក៏បានកាន់ទូរស័ព្ទដែលគេបានទំនាក់ទំនងជាមួយនិងជនរងគ្រោះដែលជាប្រធានភ្នាក់ងារឥនទាន ធនាគារ អេស៊ីលីដា សាខាខេត្តកំពង់ធំចូលទៅបើកលុយក៏ត្រូវបានបុគ្គលិកនៅក្នុងធនាគារ អេស៊ីលីដា សាខាខេត្តសៀមរាបទំនាក់ទំនងមកកាន់កម្លាំងសមត្ថកិច្ចទើបចាប់ខ្លួនបានតែម្តងដោយសមត្ថកិច្ចបានបញ្ជាក់
ថាបន្ទាប់ពីសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួននិងបានធ្វើការសួរនាំចំពោះជនសង្ស័យនេះជាប់ពាក់ព័ន្ធនិងករណីខាងលើហើយនោះជនសង្ស័យបានឆ្លើយសារភាពថាគេពិតជាបានប្រព្រឹត្តនូវករណីទាំងអស់ខាងលើពិតប្រកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបចំណាត់ការទៅតាមនិតិវិធីជាបន្ត ៕
មតិយោបល់