ព័ត៌មានជាតិ

USAID ផ្ដល់ជំនួយ ១៦​លាន​ដុល្លារ សម្រាប់​អាហារ​រូបត្ថ​ម្ភ​ម្ដាយ និង​កុមារ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែមិថុនា ឆ្នាំ ២០១៤ នេះ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ចេញ​សេចក្ដីប្រកាស​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​១៦​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​អាហារូបត្ថម្ភ​ក្នុង​ការកែលម្អ​ជីវិត​រស់នៅ​ម្តាយ និង​កុមារ​តូចៗ​ក្នុង​រយៈពេល​៥​ឆ្នាំ​។​

USAID

​នៅក្នុង​សេចក្ដីប្រកាស​បាន​បញ្ជាក់​ឲ្យដឹង​នូវ​កម្មវិធី​ចម្រុះ​ស្តីពី​អនាម័យ និង​អាហារូបត្ថម្ភ​សម្រាប់​កែលម្អ​ជីវិត​រស់នៅ​របស់​ម្តាយ និង​កុមារ​តូចៗ តាមរយៈ​ការបង្រៀន​ពី​ទម្លាប់​រស់នៅ​ស្អាត និង​អាហារូបត្ថម្ភ​ល្អ និង​ការបង្កើន​ការប្រើប្រាស់​បង្គន់​អនាម័យ​។​

​គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន ១៦​លាន​ដុល្លារ​អាមេរិក​នេះ ត្រូវ​ផ្តល់​សម្រាប់​រយៈពេល ៥​ឆ្នាំ នឹង​ជួយ​ដល់​មនុស្ស​ប្រមាណ ៥០០.០០០​នាក់ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​តូចៗ ម្តាយ អ្នក​មើល​ថែទាំ​កុមារ និង​សហគមន៍​ជនបទ​នៅ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​សៀមរាប​។​

​លោកស្រី Rebecca Black ប្រធាន​ទីភ្នាក់ងារ USAID បាន​មានប្រសាសន៍ថា “​អាហារូបត្ថម្ភ​គឺជា​អាទិភាព​មួយ ពីព្រោះ​វា​គឺជា​គន្លឹះ​សម្រាប់​ធ្វើឲ្យ​រាងកាយ និង​ខួរក្បាល​មាន​សុខភាព​ល្អ​។ លោក​ស្រី​ថា​កង្វះ​អនាម័យ​មាន​ការទាក់ទង​នឹង​ស្ថានភាព​អាហារូបត្ថម្ភ​មិន​ល្អ​របស់​កុមារ និង​មាតា​។​តាមរយៈ​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពីរ​នេះ​ជាមួយគ្នា និង​ស្រប​ជាមួយ​កម្មវិធី​សុខភាព និង​កម្មវិធី​កសិកម្ម​ដែល​កំពុង​ដំណើរការ​ទៅ លោកស្រី​រំពឹងថា នឹង​មាន​ភាពប្រសើរឡើង​នៃ​សុខភាព​របស់​កុមារ និង​មាតា​នៅ​កម្ពុជា​”​។​

​កុមារ​នៅ​កម្ពុជា​ជាង​មួយ​ភាគ​បី​ដែល​ស្ថិត​ក្នុង​អាយុ​ក្រោម​៥​ឆ្នាំ មិន​អាច​មាន​កម្ពស់ ទម្ងន់ និង​ការលូតលាស់​ខួរក្បាល​សមស្រប​ទេ ដោយសារ​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ​។

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF បានបញ្ជាក់​ថា ប្រជាជន​កម្ពុជា​មាន​តែ​២០​ភាគរយ ប៉ុណ្ណោះ​ដែល​អាច​រស់នៅ​ក្នុង​ស្ថានភាព​មាន​អនាម័យ​អាច​ទទួលយកបាន​៕​

មតិយោបល់