ក្នុងពិធីប្រកាស ផ្សព្វផ្សាយជាផ្លូវការ នូវព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក PATA TRAVEL MART (PTM) 2014 កាលពីរសៀល ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឲ្យដឹងថាក្នុងរយៈពេល ០៥ ខែដើមឆ្នាំ ២០១៤ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ១,៩ លាននាក់ ដែលមាន កំណើន ៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៣ កន្លងទៅ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា កំណើនទេសចរណ៍កម្ពុជាមានការកើនឡើងគួរឲ្យកត់ សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដោយ ក្នុងឆ្នាំ ២០១៣ កម្ពុជាសម្រេចបានកំណើនទេសចរណ៍ ១៧,៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិប្រមាណ ៤,២ លាននាក់ ធៀបនឹងឆ្នាំ ២០១២ ដោយបាននាំមកនូវចំណូលជាតិប្រមាណជាង ២ ៥០០ លានដុល្លារ និងបានផ្តល់ឱកាសការងារដោយផ្ទាល់ ប្រមាណជាង ៥០ ម៉ឺននាក់រួមចំណែកប្រមាណជាង ១៥%នៃផលិតផលសរុបក្នុងស្រុក (GDP) ។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការការព្យាករណ៍ថា នៅឆ្នាំ២០១៤ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៤,៦ ទៅ ៤,៧ លាននាក់ ឆ្នាំ ២០១៥ អាចទទួលបាន ៥ លាននាក់ និងឆ្នាំ ២០២០ អាចទទួលបានពី ៧,៥ ទៅ ៨ លាននាក់។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ដំណាក់កាលវិបត្តិនយោបាយបច្ចុប្បន្ននៃប្រទេស ជិតខាងគឺអាចជះឥទ្ធិពលជាអវិជ្ជមាន មកលើវិស័យទេសចរណ៍កម្ពុជា ហើយដោយសារវិបត្តិនយោបាយនៅប្រទេសថៃភ្ញៀវទេសចរបានធ្លាក់ចុះ ៥០ ភាគរយរីឯ ប្រទេសវៀតណាមធ្លាក់ ចុះតែជាង ២ ភាគរយ ។
ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃភ្ញៀវអន្តរជាតិក្រសួងទេសចរណ៍បានសហការជាមួយផ្នែកឯកជនដាក់ចេញនូវវិធាន ការទប់ស្កាត់វិបត្តិចំនួន ៨ ចំណុចគឺ ១-ជំរុញបង្កើនការផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព និងមធ្យោបាយ ទៅកាន់ទីផ្សារ ទេសចរណ៍ធំ ដែលមានសក្តានុពល និងមានលទ្ធភាពតភ្ជាប់ការហោះហើរមកកម្ពុជា ពិសេសទីផ្សារចិន កូរ៉េ ជប៉ុន និងទីផ្សារ ក្នុងតំបន់អាស៊ាន ។ ២-រៀបចំគោលនយោបាយគន្លឹះចាំបាច់មួយចំនួន ដើម្បីបង្កើនជើងហោះហើរពីទីផ្សារទេសចរណ៍ធំ ។ ៣-បញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចសម្រាប់ក្នុងមួយរយៈពេល ៤-ជំរុញបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ទាក់ទាញថ្មីៗ (នៅតំបន់ឆ្នេរ រាជធានីភ្នំពេញ និងតំបន់អេកូទេសចរណ៍ ធម្មជាតិ) ។ ៥-ជំរុញពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ៦-ជំរុញយន្តការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរដោយខិតខំបន្តកាត់បន្ថយនូវរបាំងនៃការធ្វើដំណើរមិនចាំបាច់នានា ៧-ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ៨ បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍៕
មតិយោបល់