Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញ iPhone ថ្មីចំនួន ពីរម៉ូដែល ដែលមានទំហំអេក្រង់ផ្សេងគ្នានៅឆ្នាំនេះ ដើម្បីប្រជែងមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗ ជាពិសេសគឺ Samsung។
យោងតាមសេចក្ដីរាយការណ៍ជាច្រើនបានឲ្យដឹងថា iPhone ម៉ូដែលថ្មីនោះ មួយត្រូវបានគេរំពឹងថា មានអេក្រង់ទំហំ ៤,៧អ៊ីង និងមួយទៀតទំហំ ៥,៥អ៊ីង ហើយប្រហែលជាមានឈ្មោះថា iPhone 6។ ប៉ុន្តែសេចក្ដីរាយការណ៍ថ្មីនៅពេលនេះ ត្រូវបានគេបញ្ជាក់ថា iPhone ថ្មីរបស់ Apple មានឈ្មោះថា iPhone 6 និង iPhone 6L។
សារព័ត៌មាន Business Insider បានចុះផ្សាយដោយដកស្រង់ពីប្រភពច្បាស់ការមួយមកពីប្រទេសចិន ថា iPhone អេក្រង់ទំហំ ៤,៧អ៊ីង មានឈ្មោះថា iPhone 6 ចំណែក iPhone អេក្រង់ទំហំ ៥,៥អ៊ីង មានឈ្មោះថា iPhone 6L (L មកពីពាក្យ Large)។
កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានបង្ហាញ iPhone 5C ដែលពាក្យ C មកពីពាក្យថា Color ហើយសម្រាប់ពេលនេះ L មកពីពាក្យថា Large តើអាចទៅរួមទេ?
គួរបញ្ជាក់ផងដែរថា ប្រភពព័ត៌មានជាច្រើនបានអះអាងថា iPhone ថ្មីនឹងបង្ហាញខ្លួននៅពាក់កណ្ដាលខែកញ្ញា ហើយចេញលក់នៅក្រោយពេលបង្ហាញខ្លួនបានមួយសប្ដាហ៍៕
មតិយោបល់