ព័ត៌មានជាតិ

កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​សម្លាប់​ពួក​បះបោរ 910 នាក់​

​កងទ័ព​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ កញ្ញា​ថា កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​បានសម្លាប់​ពួក​បះបោរ​៩១០​នាក់​នៅ​តំបន់ កុលសម្ព័ន្ធ​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ក្នុង​ក្របខ័ណ្ឌ​នៃ​ការវាយលុក​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​បើក​ធ្វើ​ចាប់ពី​ថ្ងៃ ទី​១៥ មិថុនា​មក ។ ប្រតិបត្តិការ​យោធា​មាន ឈ្មោះថា ZARB–E-AZB បាន​បើក​ធ្វើ​បន្ទាប់​ពី​ការ​កាត់ផ្តាច់​បទ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ពួក តា​លី​បង់ និង​ការបង្កើន​ការ​វាយ ប្រហារ​របស់​ពួក​បះបោរ​ប្រឆាំង​កងកម្លាំង​សន្តិសុខ​នៅ​តាម​កន្លែង​ផ្សេងៗ ក្នុង​ប្រទេស​មក ។​

​ដោយ​លើកឡើង​ពី​ភាព​លម្អិត​នៃ​ប្រតិបត្តិកា​រ​នេះ និង​តុល្យការ​ជនរងគ្រោះ កងទ័ព​ក៏​លាតត្រដាង​ផងដែរ​ថា ទាហាន​៤២​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​តំបន់​វ៉ា ហ្ស៊ី​រីស្ថាន​ខាងជើង ។ ក្នុង​ដំណាក់កាល​នោះ​ដែរ ភ្នាក់ងារ​សន្តិសុខ​២៣​នាក់​ត្រូវ​ស្លាប់​ក្នុង​តំបន់​កុលសម្ព័ន្ធ​ឯទៀតៗ ។​

​ចាប់តាំងពី​បើក​ធ្វើ​ប្រតិបត្តិការ ZARB-E-AZB មក ទាហាន​ប៉ា​គី​ស្ថាន​២៦៩​នាក់​ក៏​ត្រូវរបួស​ដែរ​នៅ​វ៉ា​ហ្ស៊ី​រី​ស្ថាន ខាងជើង និង​ក្នុង​តំបន់​ដទៃៗ​ទៀត ពិសេស​នៅ​ទីក្រុង​កា​រ៉ា​ជី និង​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន ។ តាម​សេចក្តីប្រកាស​មួយ កងទ័ព​ឱ្យ​ដឹងថា ប្រតិបត្តិការ ZARB-E-AZB ទទួលបាន​ជោគជ័យ​ដូច​ការគ្រោងទុក ។​

​កងកម្លាំង​សន្តិសុខ​អាច​វាយ​កម្ចាត់​ពួក​បះបោរ​ចេញពី ទីក្រុង​មី​រ៉ា​ន់​សាហ៍ មី​រ៉ា​លី ដា​តា​ខែល បូយ៉ា និង​ដឺ​ហ្គាន ដែល​ចាត់ទុកថា ជាទី​តាំង​បង្អែក​របស់​ពួក​តា​លី​បង់​។ កន្លែង​ផលិត​គ្រាប់បែក​ច្នៃ​រហូតដល់​២៧​កន្លែង​ផលិត​គ្រាប់​រ៉ុក្កែត មួយកន្លែង ព្រម​ទាំង​កន្លែង​ស្កុក​គ្រាប់រំសេវ​មួយ​ត្រូវបា​នរកឃើញ​ហើយ​កម្ទេចចោល ៕

2014-09-05_081817

មតិយោបល់