កំពង់ឆ្នាំង៖ករណីម្ចាស់ស្ថានីយប្រេងមួយកន្លែងរំលោភយកផ្លូវដើរជាសាធារណៈនៅលើខ្នងប្រឡាយ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរជិត២ឆ្នាំរួចមក ដែលមានសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈមួយ ជាង២០ថ្ងៃមកហើយនោះ មកដល់នេះលោកអភិ បាលស្រុករលាប្អៀរបានអោយម្ចាស់ស្ថានីយ រើរុះតែសំយ៉ាបដំបូលទេ ចំណែករបងដែកនៅតែបិតផ្លូវសាធារណៈដើរមិនរួចដដែល។ ប្រជាពលរដ្ឋបានរិះគន់អាធរស្រុកនិងឃុំតោងកន្ទុយគេ គ្មានឆន្ទះដោះស្រាយអោយប្រជាពលរដ្ឋឡើយ ស្នើសុំលោកអភិបាលខេត្តមេត្តាជួយពិនិត្យដោះស្រាយអោយផង បើដោះមិនបានទេគឺមានតែប្តឹងទៅនាយករដ្ឋមន្ត្រីនិងតំណាងរាស្ត្រ។
លោក ឈឹម វុឌ្ឍា អភិបាលស្រុករលាប្អៀរ បានអោយអ្នកយកព័ត៌មានយើងដឹងនៅ
ព្រឹកថ្ងៃទី៣០ ខែសីហាមុននេះថា៖ក្រោយពីមានសំណូមពររបស់ប្រជាពលរដ្ឋក្នុងករណីខាងលើ នៅថ្ងៃទី២៨ ខែសីហា អាជ្ញាធរស្រុកនិងអាជ្ញាធរឃុំ បានធ្វើការកោះអញ្ជើញលោក ឡាក់ ឡេង ម្ចាស់ស្ថានីយប្រេងមកដោះស្រាយ នៅក្នុងដំណោះស្រាយនេះ លោក ឡាក់ឡេង បានព្រមព្រៀងចុះកិច្ចសន្យាជាមួយអាជ្ញាធរថា នឹងរើរុសសំយ៉ាបដំបូល និងរបងដែកចេញអោយអស់ពីលើផ្លូវសាធារណៈនៅថ្ងៃទី០៤ ខែកញ្ញា ខាងមុខនេះ បើខុសនិងពាក្យសន្យា លោកនិងទទួលខុសត្រូវចំពោះមុខច្បាប់។
នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមអ្នកសារព័ត៌មានយើងបាននាំគ្នាចុះទៅពិនិត្យជាក់ស្តែង ឃើញស្ថានីយប្រេងឈ្មោះ ឡាក់ ឡេង រើរុះតែដំបូលសំយ៉ាបតែប៉ុណ្ណោះចំណែករបងដែកទុកនៅដដែល និងនៅរបងដីស្ថានីយខាងក្រោយ ឃើញមានរបងដែកបិតផ្លូវដើរជាសាធារណៈដដែល គ្មានអ្នកណាអាចដើរចេញចូលបានឡើយ សូម្បីតែក្រុមអ្នកយកព័ត៌មានយើងសុំដើរតាមផ្លូវដែលគេពទ្ធ័របងយកនោះក៏កូនស្រីម្ចាស់ស្ថានីយមិនអោយដើរដែរ ចុះទំរាំប្រជាពលរដ្ឋអាចដើរម្តេចបានទៅ។ ករណីនេះគេយល់ថា គឺម្ចាស់ស្ថានី យប៉ងរំលោភយកដីផ្លូវដើរជាសាធារណៈលើខ្នងប្រឡាយរបស់ប្រជាពលរដ្ឋតែម្តង។
ប្រជាពលរដ្ឋក្នុងភូមិព្រៃខ្មែរសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះដំណោះស្រាយដោយគ្មានការទទួលខុសត្រូវ របស់លោកអភិបាលស្រុក និងលោកមេឃុំរលាប្អៀរ ដែលប្រជាពលរដ្ឋយល់ថា អាជ្ញាធរឃុំនិងស្រុកគ្មានឆន្ទះ និងមនសិការ ដោះស្រាយរឿងនេះជូនប្រជាពលរដ្ឋឡើយ សង្ស័យថាអស់លោកនាំគ្នាឃុបឃិតការពារផលប្រយោជន៍ម្ចាស់ស្ថានីយប្រេង ទើបមិនគិតផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិជាធំ គឺមិនដឹងថាពួកគេបានផលប្រយោ ជន៍ចូលហោប៉ៅប៉ុន្មានទេ ទើបគេហ៊ានប្រព្រឹត្តអំពើខុសច្បាប់បែបនេះ។
រឿងនេះប្រជាពលរដ្ឋស្នើសុំ លោកអភិបាលខេត្តកំពង់ឆ្នាំងជួយពិនិត្យដោះស្រាយផងនឹងប្រហែលជាពួកគាត់ធ្វើពាក្យប្តឹងទៅសម្តេចនាយយករដ្ឋមន្ត្រី និងតំណាងរាស្ត្រវិញហើយទើបមានប្រសិទ្ធិភាពដោះស្រាយជាង៕
មតិយោបល់